(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានដឹកនាំក្រុមការងារកាកបាទក្រហម ចុះសួរសុខទុក្ខ និងនាំថវិកាជូនបងប្អូនកម្មករ-កម្មការិនី ដែលជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន៧១នាក់ កាលព្រលប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦។ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ លោកអភិបាលខេត្ត ម៉ែន វិបុល និងលោកស្រី ឈុន សារឹម តំណាងរាស្ត្រមណ្ឌលស្វាយរៀង ព្រមទាំង លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត ចុះសួរសុខទុក្ខ និងនាំថវិកាជូនបងប្អូនកម្មករ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន៧១នាក់ ក្នុងនោះរបួសធ្ងន់២៥នាក់ របួសស្រាល៤៦នាក់ ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ១៦នាក់ មន្ទីពេទ្យបង្អែកជីភូ៥២នាក់ និងមន្ទីពេទ្យបង្អែកប្រសូត៣នាក់។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានផ្តល់ជូនថវិកាដល់កម្មករដែលរងរបួសធ្ងន់២៥នាក់ ក្នុងម្នាក់ ថវិកាចំនួន៣៤០,០០០រៀល ជាថវិកាលោកស្រីបណ្ឌិត ម៉ែន សំអន ៤០,០០០រៀល ថវិកាសាលាខេត្ត ១០០,០០០រៀល ថវិកាកាកបាទក្រហមកម្ពុជាខេត្ត ២០០,០០០រៀល ចំណែកអ្នករងរបួសស្រាល ៤៦នាក់ ក្នុង០១នាក់ ថវិកាចំនួន ២០០,០០០រៀល។ បើតាមលោកអភិបាលខេត្ត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានផ្តាំផ្ញើឲ្យបងប្អូនកម្មរទាំងអស់ខំរក្សាសុខភាព ដើម្បីឆាប់ចូលបំរើការងារវិញ។ នៅល្ងាចមិញ យុវជន២នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណ:កម្មកររោងចក្រកាត់ដេរចំនួន៧១នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្តដឹកកម្មករ និងម៉ូតូមួយគ្រឿង។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅក្បាលព្រលប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានបណ្តាលឲ្យបុរស០២ នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ គួរឲ្យអាណោចអធ័ម ទាំងអ្នកបើកម៉ូតូ និងអ្នករួមដំណើរពីក្រោយ ហើយរងរបួសកម្មករ៦១នាក់ មានប្រុស២នាក់ ក្នុងនោះរបួសធ្ងន់០៩នាក់ ស្រាល៦២នាក់។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា មុនពេលកើតហេតុ រថយន្តដឹកកម្មករមកពីកើត ក្នុងទិសញ្ច្រាស់ទិសគ្នា ជាមួយម៉ូតូ ដែលបើកបរយ៉ាងលឿនពីលិចទៅកើត ពេលដល់កន្លែងកើតខាងលើ ម៉ូតូក៏បានរេចង្កូតទៅបុករថយន្តយ៉ាងពេញទំហឹង បណ្តាលអ្នកបើករថយន្តដឹកកម្មករជាន់ហ្រាំង ធ្វើឲ្យក្រឡាប់ទៅលើផ្លូវ ចាក់ជនរងគ្រោះដេកពេញផ្លូវរងរបួសធ្ងន់ស្រាល៕