(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ដ្រ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងបញ្ជាក់ថា ការអនុម័តទាំងស្រុងនូវសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្ម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ធម្មនុញ្ញបន្ថែមរបស់រដ្ឋសភា ដើម្បីធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ជាពិសេសអំណាចនិតីប្រតិបត្តិ ដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ។
តាមរយៈហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូច្នេះថា «ព្រឹកនេះរដ្ឋសភាបានធ្វើការអនុម័តទាំងស្រុងនូវ សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ធម្មនុញ្ញបន្ថែម ដើម្បីធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ»។
លោកបានបន្តថា ការអនុម័តនេះបានបង្ហាញពីឆន្ទៈរួមរបស់រដ្ឋសភា ដែលចង់ឃើញនូវដំណើរការរបស់ស្ថាប័នកំពូលរបស់ជាតិបានប្រព្រឹត្តទៅជាប្រក្រក្រតី ជាពិសេសរបស់អំណាច និតីប្រតិបត្តិ ដែលមានបេសកកម្មចម្បង ក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ និងការធានាការពារ និងថែរក្សាឱ្យបាននូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។
លោក ហ៊ុន ម៉ានី បានបន្ថែមថា «ក្នុងនាមជាសមាជិករដ្ឋសភាមួយរូប ដែលតំណាងឱ្យប្រជាពលរដ្ឋម្ចាស់ឆ្នោត ខ្ញុំសូមគាំទ្រទាំងស្រុងនូវគំនិតផ្តួចផ្តើមមួយនេះ»។
លោក ហ៊ុន ម៉ានី បានអះអាងទៀតថា យើងទាំងអស់គ្នាចង់ឃើញប្រទេសជាតិមានការអភិវឌ្ឍបន្តទៅមុខឥតឈប់ឈរ ជាពិសេសបរិយាកាសនយោបាយល្អប្រសើរ មានស្ថិរភាពដែលជាកត្តាចាំបាច់សម្រាប់ការប្រកបរបរចិញ្ចឹមជីវិត ឱកាសរៀនសូត្ររបស់កូនចៅ ការទទួលបានការការពារសិទ្ធិសេរីភាពគ្រប់បែបយ៉ាង និងការកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាបន្តបន្ទាប់។ វិសោធនកម្មនេះនឹងធ្វើឱ្យដំណើរប្រព្រឹត្តទៅរបស់ស្ថាប័នជាតិអាចបន្តបានដោយឥតមានការរាំងស្ទះ និងឧបសគ្គដែលបង្ករ នូវការភិតភ័យរបស់ប្រជាពលរដ្ឋ ក្តីបារម្ភរបស់វិនិយោគិន និងធុរជនទាំងឡាយនៅពេលក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឬនៅក្នុងកាលៈទេសៈ ដែលមានការទម្លាក់រាជរដ្ឋាភិបាល។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា ការធានាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍគឺជាក្តីប្រាថ្នាចម្បងរបស់យើងទាំងអស់គ្នា ដែលមាននីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យជាខឿនទ្រទ្រង់៕