(សៀមរាប)៖ សិស្សពូកែ៣នាក់នៅខេត្តសៀមរាបទទួលបានការលើកទឹកចិត្តពីរដ្ឋបាលខេត្តសៀមរាប និងរង្វាន់ពីសាលាអន្តរជាតិត្យប្រាយ រួមមានជ័យលាភីសិស្សពូកែទូទាំងប្រទេសចំណាត់ថ្នាក់លេខ១ ផ្នែកគណិតវិទ្យាថ្នាក់ទី១២ ចំនួន១នាក់ និងជ័យលាភីសិស្សពូកែទូទាំងប្រទេសចំណាត់ថ្នាក់លេខ១ គណិតវិទ្យា MOSC ថ្នាក់ទី១០ ចំនួន១នាក់ ព្រមទាំងជ័យលាភីសិស្សពូកែទូទាំងខេត្តសៀមរាប ចំណាត់ថ្នាក់លេខ២ ផ្នែកគណិតវិទ្យាថ្នាក់ទី១២ ចំនួន១នាក់។
ពិធីប្រគល់រង្វាន់ជូនសិស្សជ័យលាភីសិស្សពូកែនេះប្រព្រឹត្តទៅនៅសាលាអន្តរជាតិត្យប្រាយសាខាទី២ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។
លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការផ្តល់រង្វាន់ដល់សិស្សពូកែ គឺជាការលើកទឹកចិត្តឲ្យសិស្សានុសិស្សកាន់តែខិតខំរៀនសូត្រកាន់តែពូកែ ដែលក្លាយជាធនធានដ៏សំខាន់សម្រាប់សង្គមជាតិ។
លោកអភិបាលរងខេត្តបានបន្តទៀតថា វិស័យអប់រំសិក្សាធិការមានតួនាទីយ៉ាងសំខាន់ជាទីបំផុតក្នុងការរួមចំណែកដល់ការអភិវឌ្ឍជាតិ កុមារ យុវជន និងមនុស្សពេញវ័យ ត្រូវទទួលបានការសិក្សា និងការអប់រំពេញមួយជីវិតដែលមានភាពពាក់ព័ន្ធ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារប្រកបដោយគុណភាពខ្ពស់ ហើយការអប់រំត្រូវផ្តោតលើការកសាងជំនាញ និងការផ្តល់ឱកាសដល់សិស្សគ្រប់រូបក្នុងការទទួលបាននូវចំណេះដឹងជាមូលដ្ឋាន ដើម្បីឈានទៅដល់ការសិក្សាលើចំណេះជំនាញ បច្ចេកទេស និងជំនាញឯកទេសផ្សេងៗ។
ដើម្បីសម្រេចបានការអភិវឌ្ឍដែលផ្តល់អត្ថប្រយោជន៍ពេញលេញដល់គ្រប់ស្រទាប់យុវជនក្នុងការកសាងអនាគតរបស់ខ្លួនប្រកបដោយគុណភាព ហើយការរីកចម្រើនលើវិស័យអប់រំ និងវិស័យផ្សេងៗទៀតនៅទូទាំងប្រទេស ក៏ដូចជាក្នុងខេត្តសៀមរាប គឺផ្តើមចេញពីឆន្ទះដ៏មោះមុតរបស់រាជរដ្ឋាភិបាល បានកសាងមាតុភូមិកម្ពុជាឱ្យទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយភាពរីកចម្រើនថ្កុំថ្កើងរុងរឿង។
លោក អ៉ឹង គឹមលាង បានបន្ថែមទៀតថា ដើម្បីសម្រេចបានគោលដៅនេះ សូមឲ្យគណៈគ្រប់គ្រងសាលាអន្តរជាតិភ្យូឆឺរប្រាយបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត លើការបណ្តុះបណ្តាលប្រកបដោយគុណភាពស្តង់ដាជាតិ និងអន្តរជាតិ ដូចជា អភិវឌ្ឍកម្មវិធីសិក្សាឱ្យឆ្លើយតបទៅនឹងបរិបទអប់រំអាស៊ាន និងអន្តរជាតិ សំខាន់អភិវឌ្ឍធនធានបុគ្គលិកសិក្សាឱ្យមានគុណវុឌ្ឍ មានសមត្ថភាពពេញលេញ ស្របតាមតួនាទីភារកិច្ចដែលនាំឱ្យសិស្សមានលក្ខណៈសម្បត្តិពេញលេញប្រកបដោយភាពរីកចម្រើនគ្រប់ផ្នែក ដោយមានតុល្យភាពរវាងវិជ្ជាសម្បទាបំណិនសម្បទា ចរិយាសម្បទា កាយសម្បទាព្រមទាំងមានមនសិការស្នេហាជាតិនិងមនុស្សជាតិ ថែរក្សាវប្បធម៌ជាតិ និងបរិស្ថាន ជាពិសេសសូមឲ្យសិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សាបន្តទៀត ដើម្បីទទួលបានចំណេះដឹង និងជំនាញទៅបំរើការងារនាពេលអនាគត ព្រមទាំងចូលរួមចំណែកអភិវឌ្ឍសហគមន៍និងសង្គមជាតិ។
លោក ម៉ាន់ វុឌ្ឍី នាយកសាលាអន្តរជាតិភ្យូឆឺរប្រាយ បានបញ្ជាក់ឲ្យដឹងថា នៅក្នុងឆ្នាំសិក្សា២០២១-២០២២នេះ សាលាអន្តរជាតិភូឆឺរប្រាយបានបញ្ជូសិស្សឲ្យចូលរួមប្រឡងសិស្សពូកែទូទាំងខេត្តសៀមរាប និងទូទាំងប្រទេសដោយទទួលបានជ័យលាភីជាប្រវត្តិសាស្ត្រ ដូចជា ជ័យលាភីសិស្សពូកែទូទាំងប្រទេសចំណាត់ថ្នាក់លេខ១ ផ្នែកគណិតវិទ្យាថ្នាក់ទី១២ ចំនួន១នាក់ និងជ័យលាភីសិស្សពូកែទូទាំងប្រទេសចំណាត់ថ្នាក់លេខ១ គណិតវិទ្យា MOSC ថ្នាក់ទី១០ ចំនួន១នាក់ ព្រមទាំងជ័យលាភីសិស្សពូកែទូទាំងខេត្តសៀមរាប ចំណាត់ថ្នាក់លេខ២ ផ្នែកគណិតវិទ្យាថ្នាក់ទី១២ ចំនួន១នាក់។
លោកនាយកសាលាបានផ្តាំផ្ញើដល់សិស្សានុសិស្សគ្រប់កម្រិតសិក្សាដែលកំពុងសិក្សានៅសាលាអន្តរជាតិភូឆឺរប្រាយទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីទទួលបានជោគជ័យនៅក្នុងការសិក្សាក្លាយជាសិស្សពូកែទូទាំងខេត្ត និងសិស្សពូកែទូទាំងប្រទេស ព្រមទាំងទទួលបានជោគជ័យក្នុងការប្រឡងថ្នាក់ជាតិផងដែរ៕