(កំពង់ធំ)៖ លោក ស៊ុំ សន្និសិទ្ធ សមាជិកគណៈកម្មាធិ ការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកសន្ទុក បានចុះផ្សព្វផ្សាយពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងឱកាសនោះលោកបានលើកឡើងថា ជ័យជម្នះយ៉ាងត្រចះត្រចង់ របស់គណបក្សប្រជាជនកម្ពុជា បានសបញ្ជាក់ឲ្យឃើញច្បាស់ពី ការបន្តគោរពស្រលាញ់ គាំទ្រ និងជឿជាក់ពីសំណាក់ពលរដ្ឋកម្ពុជាទូទាំងប្រទេស ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំនាវាកម្ពុជា រីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ។

ការលើកឡើងដូចនេះរបស់លោក ស៊ុំ សន្និសិទ្ធ ធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី លទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមការងារគណបក្សមកពីឃុំចំនួន៤រួមមាន ឃុំតាំងក្រសាំង, ឃុំព្នៅ, ឃុំប្រាសាទ និងឃុំជ្រាប់ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

កិច្ចប្រជុំផ្សព្វផ្សាយនេះលោក ស៊ុំ សន្និសិទ្ធិ បានលើកយក ខ្លឹមសារសំខាន់ៗ និងបានបញ្ជាក់លម្អិតបន្ថែមអំពីខ្លឹមសារនៃ លទ្ធផលសន្និបាត និងចំណុចសំខាន់ៗមួយចំនួនទៀត ដែលជាទិសដៅអាទិភាពពាក់ព័ន្ធទៅនឹងក្របខណ្ឌរបស់គណបក្ស ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ ជូនក្រុមការងារបានយល់កាន់តែច្បាស់ទៀតផង។

លោក ស៊ុំ សន្និសិទ្ធ បានចាត់ទុកការគាំទ្រ និងជឿជាក់របស់ប្រជាជនកម្ពុជា មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជាអាចវាយតម្លៃបានថា ប្រជាពលរដ្ឋបានប្រើប្រាស់សិទ្ធិរបស់ខ្លួនបានត្រឹមត្រូវ មិនចាញ់បោកការឃោសនាភូតកុហករបស់ជនអគិតមួយចំនួន ទោះបីជាក្រុមទាំងនោះប្រឹងប្រើប្រាស់នូវមធ្យោបាយទុច្ចរិត និងឃោសនាពិសពុលយ៉ាងណាក៏ដោយ។

លោកបានបញ្ជាក់ថា កត្តាធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះធំធេងដូចនេះ ពិតជាមិនអាចកាត់ផ្តាច់ពីការចូលរួមចំណែកយ៉ាងសកម្ម និងការលះបង់ទាំងកម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ពីសំណាក់ក្រុមការងារគ្រប់ជាន់ថ្នាក់ របស់គណបក្សបានដែរទើបទទួលបានលទ្ធផល គាប់ប្រសើរបែបនេះ។

ក្នុងកិច្ចប្រជុំនោះសមាជិកសមាជិកាបានតាមដានស្ដាប់ ដោយយកចិត្តទុកដាក់អំពីខ្លឹមសារ នៃសេចក្ដីជូនដំណឹងស្ដីពី លទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា និងរបាយការណ៍ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ និងទិសដៅការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតាំង តំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣ផងដែរ៕