(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋដែលជាអ្នករកស៊ីដឹកផ្សិតប៉ក់ ទៅលក់នៅប្រទេសថៃ បានសម្តែងការរីករាយ និងថ្លែងអំណរគុណដល់ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ដែលបានជួយអន្តរាគមន៍ ឲ្យពួកគាត់បានយកផ្សិតទៅលក់នៅថៃ តាមច្រកជាំ បន្ទាប់ពីទាហ៊ានមួយក្រុមហាមឃាត់។
ប្រជាពលរដ្ឋបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ ពួកគាត់ បានដឹកផ្សិតប្រមាណ ១០រថយន្តទៅលក់ដូចសពដងនៅក្នុងប្រទេសថៃ តាមច្រកជាំ ស្រាប់តែមានទាហ៊ានឈុតខ្មៅមួយក្រុម ហាមឃាត់មិនឱ្យចូលទៅលក់។ ភ្លាមៗនោះ មន្ដ្រីច្រកព្រំដែនបានរាយការណ៍ទៅលោកអភិបាលខេត្ត ហើយលោកអភិបាលខេត្ត បានទាក់ទងទៅភាគីថៃ និងបានណែនាំឱ្យសមត្ថកិច្ចខ្មែរ ធ្វើការជាមួយទាហ៊ានថៃ។
ប្រជាពលរដ្ឋបានបន្ដថា បន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីលោកអភិបាលខេត្ត មួយសន្ទុះក្រោយមកខាងទាហ៊ានថៃ ក៏បានអនុញ្ញាតឱ្យរថយន្ដដឹកផ្សិត របស់ពួកគាត់ចូលទៅលក់ធម្មតាវិញ។
ប្រជាពលរដ្ឋមានចិត្តត្រេកអរ និងរំភើបយ៉ាងខ្លាំង ព្រោះថា បើមិនបានដឹកផ្សិតចូលក្នុងថ្ងៃនេះ ផ្សិតច្បាស់ជារលួយខូចមិនខាន ហើយពួកគាត់នឹងខាតបង់ថវិកា។ ជាចុងក្រោយពួកគាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកអភិបាលខេត្តឧត្តរមានជ័យ ក៏ដូចជាសមត្ថកិច្ចខ្មែរនៅច្រកជាំ ដែលបានខិតខំដោះស្រាយជូនពួកគាត់ បានយកផ្សិត ចូលលក់ក្នុងប្រទេសថៃ៕