(ភ្នំពេញ)៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា កម្មវិធីកាត់ពិន្ទុលើប័ណ្ណបើកបររបស់អ្នកល្មើសច្បាប់ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងមហាផ្ទៃ បានរៀបចំបង្កើតឡើង អាចនឹងចាប់ផ្តើមអនុវត្តន៍លើការដកពិន្ទប័ណ្ណបើកបររបស់អ្នកល្មើសច្បាប់ ចាប់ពីខែ កញ្ញា ឆ្នាំ២០២២ខាងមុខនេះ។

លោកស្រី កុយ សុដានី បានលើកឡើងដូចនេះនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាវាគ្មិនកម្មវិធីផ្សាយផ្ទាល់ MPWT LIVE SHOW
ក្រោមប្រធានបទ «លក្ខណៈពិសេសនៃលេខកម្ពុជា និងលេខរាជធានី-ខេត្ត» ដែលបានរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកស្រី កុយ សុដានី បានថ្លែងដូចនេះថា «ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងមហាផ្ទៃ បានរៀបចំឱ្យមានកម្មវិធីដកពិន្ទុនេះ សំដៅលើការ ដកពិន្ទុលើប័ណ្ណបើកបរយានយន្ត ដែលយើងបានកំណត់ រហូតដល់១២ពិន្ទុ ដែលអាចនឹងមានការចាប់ផ្តើមអនុវត្តន៍ចាប់ពីខែកញ្ញា តែម្តងចឹងទេតម្រូវឱ្យអ្នកបើកបរត្រូវ តែយកមកភ្ជាប់ជាមួយនៅតាមដងផ្លូវ គឺប័ណ្ណបើកបរនឹងតែម្តង»

លោកស្រី កុយ សុដានី បានបញ្ជាក់ទៀតថា ឯកសារសំខាន់៣ ដែលត្រូវភ្ជាប់នៅពេលបើកបរតាមដងផ្លូវរួមមាន៖ ប័ណ្ណសម្គាល់យានយន្ត ប័ណ្ណបើកបរយានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណបច្ចេកទេស (ឆៀក) ដែលឯកសារ ទាំង៣នេះ នឹងជួយបញ្ជាក់ដល់អ្នកបើកបរ បានបើកបរដោយត្រឹមត្រូវតាមច្បាប់ ដែលទាមទារឱ្យ មានច្បាប់ដើម ដោយមិនអនុញ្ញាតឱ្យមានការប្រើប្រាស់ ច្បាប់ចម្លងនោះទេ។

សូមជម្រាបដែរថា ពាក់ព័ន្ធនឹងកម្មវិធីដកពិន្ទុប័ណ្ណបើកបរនេះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ដែរថា ចាប់ពីឆ្នាំ២០២២តទៅ ក្រសួងមិនឱ្យអ្នកបើកបរល្មើសច្បាប់បង់លុយហើយ បានរួចខ្លួននោះឡើយ។ ជាវិធានការពិន័យបន្ថែមនោះ ក្រសួងនឹងបង្កើត App ថ្មីមួយទៀត ដើម្បីកត់ពិន្ទុតាមចំនួនកំហុសរបស់អ្នកបើកបរ បើខុសច្រើនដងប័ណ្ណបើកបរនឹងប្រើការលែងបានតែម្តង។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា នៅពេលអនុវត្តន៍យានយន្តបើកល្មើសច្បាប់ មន្ត្រីអនុវត្តន៍ច្បាប់ នឹងស្នើសុំយកប័ណ្ណបើកបរ ហើយយកកម្មវិធីនេះ ស្កេនលើប័ណ្ណបើកបរ បើមានកំហុសអីដាក់ចូលភ្លាម ប្រព័ន្ធនៃកម្មវិធីនេះនឹងបូកដកពិន្ទុភ្លាមៗស្វ័យប្រវត្តិតែម្តង។ នៅពេលដកពិន្ទុគ្រប់ហើយ ប័ណ្ណបើកបរនឹងប្រើការ លែងបានតែម្តង។

លោកទេសរដ្ឋមន្ត្រី បានបន្តថា សម្រាប់អ្នកបើកបរល្មើសច្បាប់ មិនមែនអាងថា មានលុយបង់ហើយ គឺបានរួចខ្លួននោះទេ គឺធ្វើការផាកពិន័យហើយ នឹងដកពិន្ទុបន្ថែម កុំឱ្យអាចប្រើប័ណ្ណបើកបរទៀត។ បើតាមលោករដ្ឋមន្ត្រី ការដកយកក្នុងរយៈពេល៦ខែ ឬ១ឆ្នាំទៅតាមច្បាប់កំណត់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ទៀតថា អ្នកបើកបរល្មើសច្បាប់ ហើយកាត់អស់ចំនួន១២ពិន្ទុ ប័ណ្ណបើកបរនឹងប្រើការលែងបានតែម្តង៕