(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានដឹកនាំកិច្ចប្រជុំពិភាក្សាលើ «សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០» ដើម្បីជំរុញឱ្យវិស័យប្រៃយណីយ៍ចូលរួមចំណែកទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន។

កិច្ចប្រជុំនេះ បានប្រព្រឹត្តិទៅកាល ថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ ២០២២ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងពាណិជ្ជកម្ម, ទីស្តីការគណៈរដ្ឋមន្រ្តី និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធដ៏ទៃទៀត។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាអាទិភាព ដោយផ្តោតលើការអភិវឌ្ឍវិស័យគន្លឹះៗ ដែលក្នុងនោះ វិស័យប្រៃសណីយ៍ ត្រូវបានចាត់ទុកថាមានសក្តានុពលខ្ពស់ ក្នុងការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចដោយផ្ទាល់ តាមរយៈការបង្កើតការងារ ក្នុងវិស័យប្រៃសណីយ៍ និងដោយប្រយោល តាមរយៈការទ្រទ្រង់ដល់វិស័យដ៏ទៃទៀត ជាពិសេស ចូលរួមចំណែកទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (e-commerce), គាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន។

ទោះបីជាយ៉ាងនេះក្តី ការអភិវឌ្ឍវិស័យប្រៃសណីយ៍នៅកម្ពុជា នៅមានកម្រិតនៅឡើយ ដោយវិស័យនេះ ងាយទទួលរងផលប៉ះពាល់ពីកត្តាខាងក្រៅ និងមានប្រភពចំណូលនៅតូចចង្អៀត ហើយវិសាលភាពនៃការផ្តល់សេវា ក៏មិនទាន់បានទូលំទូលាយ។ ការណ៍នេះ បណ្តាលមកពីបញ្ហាប្រឈមចម្បងៗមួយចំនួន ដូចជា៖ ការខ្វះខាតបទដ្ឋានគតិយុត្ត, ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, បណ្តាញប្រៃសណីយ៍, ការធ្វើពិពិធកម្ម និងទំនើបកម្មសេវាប្រៃសណីយ៍, យន្តការគ្រប់គ្រងការធ្វើអាជីវកម្មរបស់ផ្នែកឯកជន, យន្តការលើកកម្ពស់គុណភាពនៃការផ្តល់សេវា និង ប្រព័ន្ធអេកូ-ឡូហ្ស៊ីឌីជីថល ជាដើម។

ក្នុងន័យនេះ ក្នុងគោលដៅធ្វើឱ្យវិស័យប្រៃសណីយ៍ សម្រេចបាននូវសក្កានុពលពេញលេញជាវិស័យចូលរួមចំណែកគាំទ្រពិពិធកម្មសេដ្ឋកិច្ចកម្ពុជា, ការរៀបចំ «គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០» គឺជាកិច្ចការចាំបាច់ ដែលនឹងដើរតួនាទីជាប្រទីបនាំផ្លូវឆ្ពោះទៅរកការឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមខាងលើ ក៏ដូចជា ការចាប់យកប្រយោជន៍ឱ្យបានជាអតិបរមាពីកាលានុវត្តភាព និងកត្តាអំណោយផល ដែលបាន និងកំពុងលេចឡើងពីនិន្នាការបច្ចុប្បន្ន ដូចជា ៖ ការរីកចម្រើននៃសង្គម-សេដ្ឋកិច្ច, ការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និង ការកើនឡើងនៃការប្រើប្រាស់អ៊ីនធឺណិត, ចំនួនអ្នកប្រើប្រាស់បណ្តាញសង្គម និងសេវាហិរញ្ញវត្ថុ តាមប្រព័ន្ធអេឡិច-ត្រូនិក ព្រមទាំងវឌ្ឍនភាពនៃវិស័យផ្សេងទៀត និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តតភ្ជាប់ក្នុងប្រទេស។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានរៀបចំ «សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០» ដ៏មានសារៈសំខាន់នេះឡើង និងក៏ដូចជាចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា និងផ្តល់ធាតុចូល ដើម្បីកែលម្អសេចក្តីព្រាងគោលនយោបាយនេះ ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយបន្ថែមទៀត និងបានស្នើឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីអាចបញ្ចប់ការរៀបចំកិច្ចការដ៏មានសារៈសំខាន់នេះ ឱ្យបានឆាប់រហ័ស៕