(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហការី បានចូលរួម កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ ដែលបានរៀបចំឡើងតាម ប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាច្រើនរូប មកពីក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ។

ជាកិច្ចចាប់ផ្តើម លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសហការីបានធ្វើបទបង្ហាញអំពីសាវតា និងសេចក្តីសង្ខេបស្តីពីសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ ជូនអង្គប្រជុំទាំងមូល។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងនូវការកោតសរសើរដល់ លោករដ្ឋមន្ត្រី និងមន្ត្រីរបស់ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ដែលបានរៀបចំ «សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ វិស័យប្រៃសណីយ៍ ២០២២-២០៣០» នេះឡើង ប្រកបដោយអត្ថប្រយោជន៍ និងមានលក្ខណៈចាំបាច់សម្រាប់ប្រើប្រាស់ទាំងពេលបច្ចុប្បន្ន និងថ្ងៃអនាគត ដោយគោលនយោបាយនេះ បានគ្របដណ្តប់ លើបញ្ហាចំពោះមុខ ព្រមទាំងមានការរៀបចំយុទ្ធសាស្ត្រ ផែនការសកម្មភាព យន្តការ និងអមដោយសូចនាករសំខាន់ៗ សម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តផងដែរ។

លោករដ្ឋមន្ត្រី បន្តថា ដើម្បីចូលរួមធ្វើឲ្យប្រសើរឡើងនូវសេចក្តីព្រាងគោលនយោបាយនេះ ឲ្យកាន់តែច្បាស់លាស់បន្ថែមទៀត ក្រសួងពាណិជ្ជកម្ម ស្នើឲ្យអង្គប្រជុំពិនិត្យ និងពិចារណា លើចំណុចមួយចំនួន ដែលពាក់ព័ន្ធទៅនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើ ប្រាស់ ដែលត្រូវបានព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខា ប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។

ចំណុចទាំងនោះ រួមមាន៖ ការស្នើឲ្យដាក់ចូលនូវពាក្យពេចន៍ យន្តការ និងការដោះស្រាយវិវាទការពារអ្នកប្រើប្រាស់ ឲ្យស្របទៅតាមប្បញ្ញត្តិនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក៏ដូចជាស្ថាប័នដែលបានបង្កើតរួចហើយ ក្នុងចំណុច៦.២ និងឧបសម្ព័ន្ធ១ នៃ សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍។

បន្ថែមពីនេះទៅទៀត ក្រសួងពាណិជ្ជកម្ម ក៏បានស្នើឲ្យមានការបរិយាយលម្អិត នូវផែនការសកម្មភាពនៅក្នុងចំណុចទី៤ ទី៤.៣ ទី៤.៤ និងទី៤.៥ ដើម្បីងាយស្រួលក្នុងការយកផែនការនេះទៅអនុវត្ត ដើម្បីឆ្លើយតបទៅនឹងផែនការដែលត្រូវជំរុញឲ្យក្រុមហ៊ុនអាជីវកម្មប្រើប្រាស់បច្ចេកវិទ្យាថ្មី និងប្រព័ន្ធឌីជីថលដែលឯករាជ្យ (Neutral Technology) ឲ្យមានប្រសិទ្ធភាព និងអាចជឿទុកចិត្តបាន សម្រាប់កិច្ចការតាមដានមធ្យោបាយដឹកជញ្ជូន និងស្ថានភាពជាក់ស្ដែងនៃទំនិញ ការគ្រប់គ្រងវិក័យប័ត្រ និងលិខិតប្រកាសពន្ធគយក្នុងទម្រង់ជាអេឡិចត្រូនិក ព្រមទាំងប្រព័ន្ធទំនាក់ទំនងរវាងម្ចាស់ អាជីវកម្មជាមួយអតិថិជន ទាំងសម្រាប់ការបញ្ជូនទំនិញក្នុងប្រទេស និងឆ្លងកាត់ព្រំដែន។

លោករដ្ឋមន្ត្រី បន្ថែមថា ទាក់ទងនឹងការកសាងលិខិតបទដ្ឋានច្បាប់ និងបទប្បញ្ញត្តិបច្ចេកទេស ក្រសួងពាណិជ្ជកម្ម ស្នើឲ្យគិតគូរផងដែរ នូវករណីលើកលែង ដែលអនុញ្ញាតដោយច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិ ទាក់ទងនឹងការទទួលខុសត្រូវរបស់ម្ចាស់ អាជីវកម្មក្នុងការបញ្ជូនទំនិញដែលទាក់ទងនឹងស្ដង់ដារទំនិញ បទដ្ឋានពាក់ព័ន្ធនឹងសុវត្ថិភាព សុខភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម សិទ្ធិស្របច្បាប់នៃពលរដ្ឋ ដែលជាអតិថិជន (Lawful right and prudential rights of our people) និង ផលប្រយោជន៍របស់គ្រប់ភាគីពាក់ព័ន្ធ។

នៅកិច្ចបញ្ចប់ បន្ទាប់ពីអង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងផុសផុលលើចំណុចនីមួយៗ នៃសេចក្ដីព្រាងគោលនយោបាយ អភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ ក្រោមការដឹកនាំ និងសម្របសម្រួលដោយ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំរួចមក ឯកឧត្តមប្រធានអង្គប្រជុំ បានសម្តែងនូវការកើតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកានៃអង្គប្រជុំទាំងមូល ដែលបានចូលរួមយ៉ាងសកម្មក្នុងការពិនិត្យ និងពិភាក្សា សំដៅឲ្យសេចក្តីព្រាងគោល នយោបាយដ៏មានសារសំខាន់នេះ កាន់តែមានសុក្រិតភាព និងល្អប្រសើរ ជាពិសេសក្រុមការងារក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២ ២០៣០ ដែលជាឯកសារគតិយុទ្ធដ៏មានសក្តានុពលមួយ សម្រាប់ការអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ នាពេលអនាគត៕