(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការប្រឆាំងអំពេីជួញដូរមនុស្សខេត្ត នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍន៍ភាពការងារប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្ស ប្រចាំឆមាសទី១ និងទិសដៅបន្ត ឆមាសទី២ ឆ្នាំ២០២២។

ថ្លែងក្នុងឱកាសនោះ លោក ម៉ែន វិបុល បានអះអាងថា ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាការងារសរុប ជាការងាររួម ដែលទាមទារឲ្យមានការចូលរួមពី គ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋ ប្រជាពលរដ្ឋ វិស័យឯកជន និងអង្គការសង្គមស៊ីវិល ទើបការងារនេះអាចសម្រេចទៅបានដោយរលូន និងទទួលបានលទ្ធផលជោគជ័យ។

ជាមួយគ្នានេះ លោក៏បានថ្លែងអំណរគុណចំពោះលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ដែលបានសហការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឡើង នៅថ្ងៃនេះ ដែលជាឱកាសជួបជុំពាក់កណ្ដាលឆ្នាំដ៏មានសារៈសំខាន់ ដែលអនុញ្ញាតឲ្យយើងទាំងអស់គ្នាបានរួមគ្នាធ្វើការពិនិត្យ វាយតម្លៃកំណត់ពីចំណុចខ្លាំង បញ្ហាប្រឈម លើកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើគ្រប់រូបភាព និងគ្រប់ទម្រង់ដើម្បី ឈានទៅដល់ការដាក់ចេញនូវទិសដៅអនុវត្តឲ្យបានកាន់តែទទួលបានលទ្ធផលជោគជ័យថែមទៀត នាពេលខាងមុខ។

លោក ម៉ែន វិបុល បានបន្ដទៀតថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលនៅតែចាត់ទុកការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាអាទិភាពមួយក្នុងចំណោម អាទិភាពជាច្រើនទៀត សម្រាប់ការលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពសង្គម។

លោកក៏បានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចប្រជុំនេះ ដោយមានការចូលរួមធ្វើបទអន្តរាគមន៍ ពីសំណាក់អង្គភាពពាក់ព័ន្ធផងនោះ នឹងពិតជារួមចំណែកធ្វើឲ្យកិច្ចការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅក្នុងខេត្ត មានដំណើរការដោយរលូន មានការចូលរួម កាន់តែទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពលេីការអនុវត្ត៕