(ភ្នំពេញ)៖ អង្គការអន្តរជាតិភាពជាដៃគូ ក្នុងការគ្រប់គ្រងបរិស្ថាននៅសមុទ្រអាស៊ីបូព៌ា (PEMSEA) បានសម្រេចឯកភាពជាឯកច្ឆ័ន្ទជ្រើសតាំង លោក វ៉ាន់ មុនីនាថ បច្ចុប្បន្នជាអគ្គនាយកគោលនយោបាយ និងយុទ្ធសាស្រ្ត នៃក្រសួងបរិស្ថាន ជាប្រធានក្រុមប្រឹក្សាអង្គការ PEMSEA។

ពិធីស្បថចូលកាន់តំណែងប្រធានក្រុមប្រឹក្សាអង្គការ PEMSEA របស់កម្ពុជា មានអាណត្តិ៣ ឆ្នាំ២០២២-២០២៥ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាលើកទី១៤ ដែលបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ Zoom នាថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅការិយាល័យរបស់អង្គការ PEMSEA ក្នុងប្រទេសហ្វីលីពីន។

កិច្ចប្រជុំនេះមានការចូលរួមពីបណ្តារដ្ឋសមាជិក មិនមែនសមាជិក អង្គការដៃគូអន្តរជាតិ និងស្ថាប័នគ្រឹះស្ថានស្រាវជ្រាវពាក់ព័ន្ធសរុបចំនួនជាង៥០នាក់ និងបានពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍វឌ្ឍនភាព ផែនការការងារ ថវិកា និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ដោយចីរភាពសម្រាប់សមុទ្រអាស៊ីបូព៌ាឆ្នាំ២០២៣-២០២៧។

លោក វ៉ាន់ មុនីនាថ បានគូសបញ្ជាក់ថា ជោគជ័យអាចសម្រេចទៅបាន លុះត្រាតែមានកិច្ចសហប្រតិបត្តិការល្អ និងការប្តេជា្ញចិត្តរួមគ្នា ដើម្បីការពារ គ្រប់គ្រង និងស្តារឡើងវិញនូវធនធានសមុទ្រអាស៊ីបូព៌ា សម្រាប់ផលប្រយោជន៍សេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន។

បន្ថែមពីនេះលោកបានសម្ដែងការរីករាយ ក្នុងការធ្វើការជាមួយក្រុមការងារ PEMSEA និងបានប្តេជ្ញាខិតខំឱ្យអស់ពីសមត្ថភាព និងលទ្ធភាព ដើម្បីអនុវត្តតួនាទី និងភារកិច្ចក្នុងនាមជាប្រធានក្រុមប្រឹក្សា និងដើម្បីបន្តបេសកកម្មថែរក្សាធនធានតំបន់ឆ្នេរ មហាសមុទ្រ សហគមន៍ និងសេដ្ឋកិច្ច ដែលស្ថិតនៅក្នុងតំបន់សមុទ្រអាស៊ីបូព៌ា ឱ្យមាននិរន្តរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ៕