(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យបេក្ខជន បេក្ខនារីជ័យលាភីអាហាររូបករណ៍ប្រទេសជប៉ុនសម្រាប់អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហៅកាត់ថា JDS ចំនួន ២៤នាក់ ដែលនឹងត្រូវបន្តការសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ចូលជួបសម្តែងការគួរសម ដើម្បីទទួលអនុសាសន៍ណែនាំស់ពីសម្តេច នៅវិមានព្រឹទ្ធសភា។

សម្តេចប្រធានព្រឹទ្ធសភា បានណែនាំដល់ បេក្ខជន បេក្ខនារីទាំងអស់ ក្នុងរយៈពេលរៀនសូត្រនៅប្រទេសជប៉ុន ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានល្អ នូវបញ្ហាមួយចំនួនដូចជា៖ គោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិទាំងអស់របស់ប្រទេសសាមីព្រមទាំងបទបញ្ជា និងវិន័យរបស់សាលា។

សម្តេចបានបន្តថា បេក្ខជន បេក្ខនារីទាំងអស់ ត្រូវកសាងទំនាក់ទំនងល្អជានិច្ចជាមួយគណៈដឹកនាំសាលា សាស្រ្តចារ្យ បុគ្គលិកសិក្សា និងមិត្តភក្តិនៅក្នុងសាលាទាំងអស់ ទាំងជនជាតិជប៉ុន ទាំងនិស្សិតបរទេស។ រក្សាប្រពៃណី ទំនៀមទំលាប់ដ៏ល្អរបស់ខ្មែរយើងដែលជាប្រទេសមានអារ្យធម៌តាំងពីយូរលង់មកហើយ។ រក្សាឲ្យបានល្អនូវទំនាក់ទំនងជាមួយអាជ្ញាធរសាធារណៈ និងប្រជាជនជប៉ុន។ ខិតខំផ្សព្វផ្សាយអំពីប្រវត្តិសាស្រ្ត ប្រពៃណី វប្បធម៌ សក្តានុពលនៃការវិនិយោគ និងវិស័យទេសចរណ៍ ព្រមទាំងសភាពការណ៍ សមិទ្ធផលរបស់សង្គមជាតិយើង ជូនប្រជាជនជប៉ុនក៏ដូចជាមិត្តភក្តិ នៅក្នុងសាលាដើម្បីបានជ្រាបច្បាស់អំពីសភាពការណ៍ពិតនៅកម្ពុជា។

សម្តេចបានបន្ថែមថា បេក្ខជន និងបេក្ខនារី ត្រូវខិតខំធ្វើទំនាក់ទំនងជាមួយបងប្អូនខ្មែរដែលរស់នៅ និងធ្វើការងារនៅប្រទេសជប៉ុនដើម្បីផ្សព្វផ្សាយជូននូវព័ត៌មានពិតអំពីប្រជាជន និងប្រទេសជាតិយើងសំដៅឲ្យបងប្អូនខ្មែរយើងនៅទីនោះបានជ្រាបអំពីការពិតរបស់ប្រទេសយើង។ ជាពិសេសសូមខិតខំថែរក្សាសាមគ្គីភាពក្នុងចំណោមជ័យលាភីអាហារូបករណ៍ទាំងអស់ដែលត្រូវទៅរៀននៅប្រទេសជប៉ុនក្នុងជំនាន់ជាមួយគ្នា តាមសុភាសិតបុរាណរបស់ខ្មែរយើង «នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ»។ ក្មួយៗទាំងអស់ត្រូវប្តេជ្ញាចិត្តខ្ពស់ ខិតខំរៀនសូត្រឲ្យទទួលបាននូវនិទ្ទេសន៍ខ្ពស់គ្រប់ៗគ្នា។ ប្រទេសជាតិ និងប្រជាជនរងចាំក្មួយៗទាំងអស់រៀនបានចប់ប្រកបដោយជោគជ័យ ហើយវិលត្រឡប់មកកាន់មាតុភុមិវិញ ដើម្បីចូលរួមអឡិវឌ្ឍប្រទេសជាតិឆ្ពោះទៅកាន់ភាពសម្បូរ រុងរឿង និងសុភមង្គលនាពេលអនាគត។

សូមបញ្ជាក់ថា បេក្ខជន បេក្ខនារីទាំង ២៤នាក់នេះ ជាមន្ត្រីរាជការបម្រើការងារនៅតាមបណ្តាក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល បានប្រឡងជាប់អាហាររូបករណ៍ ទៅសិក្សានៅប្រទេសជប៉ុន ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សារយៈពេល ២ឆ្នាំ ឆ្នាំសិក្សា ២០២២-២០២៣ លើជំនាញ៖ អភិវឌ្ឍន៍រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច បច្ចេកវិទ្យា នីតិសាស្ត្រ ទំនាក់ទំនងអន្តរជាតិ គុណភាពនៃការអប់រំ វិស័យសុខាភិបាល វិស័យទឹកស្អាត ពង្រឹងវិស័យជនបទ ពង្រឹងវិស័យកសិកម្ម និងជំនាញអភិបាលកិច្ច៕