(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានទាត់ចោលសេចក្តីថ្លែងការណ៍របស់គណបក្សនយោបាយចំនួន៤ ដោយលោកអះអាងថា វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ មិនរំលោភទាល់តែសោះលើអំណាចសភា និងរបបសភានិយម។

រដ្ឋសភាកម្ពុជា បានអនុម័តទាំងស្រុងហើយលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការស្នើសុំធ្វើវិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញ។ ការអនុម័តនេះធ្វើឡើងដោយសំឡេង ១០៥លើ១០៦សំឡេង ក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសមាជិកសភាសរុប ១០៦រូប។

ក្នុងឱកាសបំភ្លឺជូនសភាជុំវិញការធ្វើវិសោធនកម្មលើកទី១០ លោក កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «គណបក្សនយោបាយដែលបានដាក់ញត្តិ មកកាន់រដ្ឋសភា និងបានអះអាងថា វិសោធនកម្មលើកទី១០នេះ ប៉ះពាល់ធ្ងន់ធ្ងរដល់របបសភានិយម គប្បីសិក្សាឲ្យបានស៉ីជម្រៅបន្ថែមទៀត ដើម្បីឲ្យបានយល់កាន់តែច្បាស់ អំពីការបង្កើតរដ្ឋាភិបាល ក្នុងប្រព័ន្ធសភានិយម ជាពិសេសអាចសិក្សាប្រព័ន្ធនេះ ពីប្រទេសដែលប្រកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលជារបបដឹកនាំប្រទេសតាមសភានិយមដូចកម្ពុជាដែរ ដូចជារបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ នៅចក្រភពអង់គ្លេស ឬម៉ាឡេស៉ីជាដើម»

នាពេលកន្លងទៅនេះ គណបក្សនយោបាយចំនួន៤ បានដាក់ញត្តិរួមមួយ ជូនរដ្ឋសភា និងបានប្រកាសជំហរមិនគាំទ្រការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញ។ ញត្តិបានលើកឡើងថា ការធ្វើវិសោធនកម្មនេះ បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់របបសភានិយម ដោយបានបន្ថយអំណាចសភាជាតិ រំលងសភាជាតិក្នុងការតែងតាំងនាយករដ្ឋមន្ត្រី ដែលផ្តល់អំណាចដល់គណបក្សនយោបាយ ដែលជាស្ថាប័នក្រៅសភាជាតិ ធ្វើសេចក្តីស្នើដោយផ្ទាល់ថ្វាយព្រះមហាក្សត្រ ហើយទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្ត្រី។

បើតាមលោក កើត រិទ្ធ, ការលើកឡើងនេះ ជាការលើកឡើងដោយមិនត្រឹមត្រូវ ជាការលើកឡើងដោយមិនយល់ដឹងច្បាស់លាស់ ទាំងមិនយល់លើខ្លឹមសារពិតប្រាកដ នៃដំណើរវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ និងទាំងលើប្រព័ន្ធដឹកនាំប្រទេសតាមរបបសភានិយម។ លោកបានថ្លែងបន្ថែមថា រាល់ការវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺដើម្បីបំពេញចន្លោះខ្វះខាតរបស់រដ្ឋធម្មនុញ្ញ និងដើម្បីធានាការពារនូវឧត្តមប្រយោជន៍របស់ជាតិទាំងមូល។

 បើតាម លោក កើត រិទ្ធ, សំណើធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនេះ គឺធ្វើឡើងយ៉ាងត្រឹមត្រូវស្របតាមគោលការណ៍ និងនីតិវិធីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ជាពិសេសធានាបាននូវការគោរពគោលការណ៍គ្រឹះ នៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលជារបបដឹកនាំប្រទេសតាមបែបសភានិយម ព្រមទាំងជាការលើកកម្ពស់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលប្រជាជនកម្ពុជាបង្ហាញឆន្ទៈ និងប្រើសិទ្ធិអំណាចរបស់ខ្លួនតាមរយៈការបោះឆ្នោត ស្របតាមគោលការណ៍ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់ និងបទដ្ឋានគតិយុត្តិជាធរមានរបស់ជាតិ។

ទន្ទឹមនឹងនេះ ការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនេះ ក៏ដូចជាការធ្វើវិសោធនកម្ម៩ លើកកន្លងទៅ ត្រូវបានរដ្ឋមន្រ្តីក្រសួងយុត្តិធម៌បញ្ជាក់ថា គឺសុទ្ធតែបានធ្វើឡើង ដើម្បីការពារឧត្តមប្រយោជន៍ជាតិ ជាពិសេសបំពេញចន្លោះខ្វះខាតរដ្ឋធម្មនុញ្ញ និងការធានាឱ្យស្ថាប័នរបស់រដ្ឋមានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូន មិនជាប់គាំង និងធានាបាននិរន្តរភាពនៅគ្រប់កាលៈទេសៈទាំងអស់។ ការលើកឡើងនេះជាការលើកឡើងមិនត្រឹមត្រូវ និងមិនយល់ដឹងច្បាស់លាស់ទាំងលើខ្លឹមសារពិតប្រាកដនៃសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ ទាំងលើប្រព័ន្ធដឹកនាំប្រទេសតាមរបបសភានិយម។

យោងតាមមាត្រា១១៩ថ្មី (ពីរ) ដែលជាកម្មវត្ថុនៃការស្នើធ្វើវិសោធនកម្មនាពេលនេះ ការតែងតាំងនាយករដ្ឋមន្ត្រី និងការតែងតាំងសមាជិកដទៃទៀតនៃគណៈរដ្ឋមន្ត្រី គឺត្រូវឆ្លងរដ្ឋសភាទាំងអស់ និងមិនមានការរំលងអំណាចរបស់រដ្ឋសភាដូចការលើកឡើងរបស់គណបក្សនយោបាយទាំង៤លើកឡើងនោះឡើយ ព្រោះរដ្ឋសភានៅតែជាស្ថាប័នបង្កើតរាជរដ្ឋាភិបាលដដែលតាមរយៈការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតាមមតិភាគច្រើនដាច់ខាត នៃសមាជិករដ្ឋសភាទាំងមូល។ ក្នុងន័យនេះវក្យខណ្ឌទី៤, ទី៥ ,ទី៦ នៃមាត្រា១១៩ថ្មី (ពីរ) ចែងយ៉ាងច្បាស់ថា វរជនដែលត្រូវបានចាត់តាំងនេះ នាំសហការីដែលជាតំណាងរាស្ត្រ ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភា ដែលផ្គូផ្គងឱ្យកាន់តំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាលទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា។ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះត្រូវធ្វើលើបញ្ជីសមាសភាពនៃគណៈរដ្ឋមន្ត្រីទាំងមូល។ កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្ត្រីទាំងមូល។

លោកកើត រិទ្ធ បានបញ្ជាក់បន្ថែមទៀតថា ដូច្នេះវិសោធនកម្មលើកទី១០ មិនបានរំលងទាល់តែសោះនូវអំណាចរបស់រដ្ឋសភា ក្នុងការបង្កើតរាជរដ្ឋាភិបាលតាមប្រព័ន្ធរបបសភានិយម ហើយការលើកឡើងរបស់គណបក្សទាំង៤ ដែលបានដាក់ញត្តិជូនរដ្ឋសភា គឺជាការលើកឡើងមិនត្រឹមត្រូវ និងមានលក្ខណៈជាការបំភ្លៃខុសពីខ្លឹមសារពិតប្រាកដនៃមាត្រា ១១៩ថ្មី (ពីរ) ដែលជាកម្មវត្ថុនៃការស្នើសុំវិសោធនកម្មនាពេលនេះ។

សូមជម្រាបថា រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ រាប់ទាំងពេលនេះផង គឺចំនួន ១០លើកហើយ៕