(ភ្នំពេញ)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ បានអញ្ចើញអធិបតី ក្នុងពិធី បូជាសព លោកឧត្តមសេនីយ៍ឯក ទៀ សុទ្ធ នៅវត្តចន្ទបុរីវង្ស ដែលស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោកស្រី ម៉ែន សំអន បានចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ សោកស្ដាយជាទីបំផុត ជាមួយគ្រួសារ លោកស្រី សន ចាំណុង ដែលត្រូវ ជាភរិយា លោកឧត្តមសេនីយ៍ឯក ទៀ សុទ្ធ, កូន កូនប្រសារ និងចៅ។ ក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន បានផ្តល់ភ្លើងបូជាសព លោកឧត្តមសេនីយ៍ឯក ទៀ សុទ្ធ ផងដែរ។
លោកស្រី បានឧទ្ទិសបួងសួងដល់វិញ្ញាណក្ខ័ន្ធ ដល់ឧត្តមសេនីយ៍ឯក ទៀ សុទ្ធ ឆាប់បានចាប់បដិសន្ធិ និងសោយសុខក្នុងបរមសុគតិភព គ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា សពលោកឧត្តមសេនីយ៍ឯក ទៀ សុទ្ធ បានទទួលមរណៈភាព កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ៦៖២១នាទី ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានលេខ ៧ ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕