(ស្ទឹងត្រែង)៖ រដ្ឋបាលក្រុងស្ទឹងត្រែង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំវេទិកាសាធារណៈ ស្តីពីការពិគ្រោះយោបល់លើការគ្រប់គ្រង និងការផ្តល់សេវាសំណល់រឹង សំរាម ទីប្រជុំជនក្រុងស្ទឹងត្រែង ក្រោមវត្តមាន លោក សាយ កុសល អភិបាលក្រុង និងលោក និន សុខស្តី សមាជិកក្រុមប្រឹក្សាក្រុង រួមទាំងគណៈអភិបាលក្រុង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ និង ប្រជាពលរដ្ឋជាង៤០០នាក់។

លោក សាយ កុសល បានលើកឡើងថា ការរៀបចំវេទិកាសាធារណៈនេះ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយពីយន្តការថ្មីៗ ក្នុងការគ្រប់គ្រងសំណល់រឹង សំរាម ទីប្រជុំជនក្រុងស្ទឹងត្រែង និង ស្តាប់នូវបញ្ហាប្រឈមនានា របស់បងប្អូនប្រជាពលរដ្ឋអាជីវករ ដើម្បីស្វែងរកដំណោះស្រាយ រួមគ្នាក្នុងគ្រប់គ្រងសំរាម នឹងកាកសំណល់ផ្សេងៗធ្វើយ៉ាងណា ឲ្យក្រុងស្ទឹងត្រែង មានសណ្ដាប់ធ្នាប់ នឹងសោភ័ណ្ឌភាពល្អ។

លោកបានបន្តថា បច្ចប្បន្នសំរាម សំណល់រឹងទីប្រជុំជនក្រុងស្ទឹងត្រែង ត្រូវបានប្រមូលមានប្រមាណ៣៦តោន ក្នុង១ថ្ងៃ នឹង១២,៩៦០តោន ក្នុងមួយឆ្នាំ។ ដោយសំរាមសំណល់រឹងទីប្រជុំជន នៅពុំទាន់ត្រូវបាន វេចខ្ចប់ នឹងទុកដាក់ឲ្យបានត្រឹមត្រូវតាមក្រឹតក្រម និងស្តង់ដាអនាម័យបរិស្ថាននៅឡើយទេ។

ក្នុងនោះដែរ ក៏នៅមានប្រជាពលរដ្ឋមួយចំនួនតូចនៅតែបន្តការនោះចោល សំរាមអាណាធិបតេយ្យតាមដងផ្លូវ តាមទីសាធារណៈផ្សេងៗ ដោយមិនព្រមចូលរួមប្រើប្រាស់សេវាសំរាម និងមិនបង់ថ្លៃសេវាសំរាម នោះបានធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ប៉ះពាល់ដល់សុខភាពជីវភាពរស់នៅប្រចាំថ្ងៃ ធ្វើឲ្យមានការបំពុលខ្យល់ ជាពិសេសប៉ះពាល់ដល់សោភ័ណ្ឌភាពក្នុងមូលដ្ឋានភូមិ សង្កាត់ ក្រុង និងខេត្តទាំងមូលផងដែរ។

លោកអភិបាលក្រុងបានបន្ថែមថា ទោះជាយ៉ាងនេះក្តីបញ្ហាប្រឈមទាំងនេះ អាចដោះស្រាយបានតាមរយៈ ការផ្លាស់ប្តូរឥរិយាបថ ទម្លាប់របៀបរបបរស់នៅ ការធ្វើអាជីវកម្ម ផលលិតកម្មរបស់អ្នកបង្កើត និងបញ្ចេញសំរាមសំណល់រឹងទីប្រជុំជន ព្រមទាំងបង្កើត និងដាក់ឲ្យដំណើរការនូវប្រព័ន្ធគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនប្រកបដោយប្រសិទ្ធភាព។

ដោយក្នុងន័យនេះ គឺចង់ឲ្យក្រុងស្ទឹងត្រែងមានអនាម័យល្អ ដើម្បីឲ្យការរស់នៅសោភ័ណ្ឌភាពល្អ ដោយផាសុខភាព សុខុមាលភាព និងមានសោភ័ណ្ឌភាពទាក់ទាញប្រកប ស្របតាមកំណើននគរូបនីយកម្ម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស៕