(ភ្នំពេញ)៖ និយ័តករធានារ៉ាប់រងកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី ការធានារ៉ាប់រងយានយន្ដជាកាតព្វកិច្ច។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។

សេចក្ដីប្រកាសព័ត៌មានរួមបានឲ្យដឹងថា នាពេលថ្មីៗនេះ មានព័ត៌មានមួយចំនួនបានលើកឡើងពីបញ្ហាប្រឈម នៃការដាក់ឲ្យអនុវត្តការធានារ៉ាប់រងយានយន្តជាកាតព្វកិច្ច ដោយលើកឡើងថា ការធានារ៉ាប់រងយានយន្តជាកាតព្វកិច្ច ជាបន្ទុកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ។

ជាការឆ្លើយតបនឹងព័ត៌មាននេះ និយ័តករធានារ៉ាប់រងកម្ពុជា សូមបញ្ជាក់ថា ការធានារ៉ាប់រងយានយន្តជាកាតព្វកិច្ច គឺជាគោលនយោបាយគាំពារសុវត្ថិភាពហិរញ្ញវត្ថុក្នុងសង្គមសម្រាប់បុគ្គលម្នាក់ៗ ដែលពាក់ព័ន្ធនឹងការធ្វើចរាចរណ៍ នៅលើដងផ្លូវសាធារណៈ និងត្រូវបានដាក់ឲ្យអនុវត្តស្ទើរគ្រប់ប្រទេសលើសកលលោក។

ជាការពិតណាស់ ការកើតឡើងនូវគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវសាធារណៈ គឺជាហេតុការណ៍ចៃដន្យ ដែលបានបង្កការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរដល់ជនរងគ្រោះ ជាពិសេសជនរងគ្រោះ ដែលទទួលរងរបួសលើរាងកាយ ឬមរណភាព។ ជនរងគ្រោះដែលរងរបួសត្រូវការចំណាយលើការព្យាបាល ចំណែកឯអ្នកទទួលមរណភាព ត្រូវបាត់បង់ចំណូលសេដ្ឋកិច្ចគ្រួសារ។

ជាក់ស្ដែងនៅក្នុងរបាយការណ៍សិក្សារបស់កម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) ដែលធ្វើការវាយតម្លៃទៅលើការខាតបង់សេដ្ឋកិច្ចដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៩ បង្ហាញថា គ្រាន់តែការចំណាយលើការព្យាបាលរបួសរបស់ជនរងគ្រោះដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍ មានទំហំទឹកប្រាក់ប្រមាណ ៣៤ លានដុល្លារអាមេរិកនេះ មិនរាប់បញ្ចូលការខាតបង់សេដ្ឋកិច្ច ដោយការបាត់បង់ឱកាសរកចំណូលរបស់ជនរងគ្រោះ ដែលទទួលមរណភាព និងមានពិការភាពជាអចិន្ត្រៃយ៍ និងការខូចខាតទ្រព្យសម្បត្តិ នៅក្នុងហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍នៅឡើយទេ។

ផ្លូវសាធារណៈអ្នកប្រើប្រាស់យានយន្តទាំងអស់ សុទ្ធតែមានភារៈទទួលខុសត្រូវរៀងខ្លួន ចំពោះអ្នកដំណើរនៅលើដងនៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងពាក់ព័ន្ធនឹងការបញ្ជាយានយន្តរបស់ខ្លួន។

រ៉ាប់រងយានយន្តនឹងផ្តល់ជូនម្ចាស់យានយន្តនូវការទទួលខុសត្រូវលើការទូទាត់សំណង ជូនជនរងគ្រោះការធានា (ឧទាហរណ៍+ សំណងសម្រាប់ព្យាបាលរបួសរបស់ជនរងគ្រោះ ដែលបណ្តាលមកពីយានយន្តបង្កហេតុជាដើម)។ នេះជាយន្តការនៃការផ្ទេរហានិភ័យរបស់ម្ចាស់យានយន្ត សម្រាប់សម្រាលបន្ទុកហិរញ្ញវត្ថុនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសសម្រាប់ជនរងគ្រោះ។ ករណីម្ចាស់យានយន្តមិនមានការធានារ៉ាប់រង នោះរាល់ការចំណាយ ឬការខូច-ខាតនឹងត្រូវប្រើប្រាស់ប្រាក់សន្សំរបស់ខ្លួន ថែមទាំងអាចឈានដល់ការខ្ចីបុលគេបន្ថែមទៀត ដែលធ្វើឲ្យបន្ទុកសេដ្ឋកិច្ចគ្រួសារកាន់តែធ្ងន់ធ្ងរ។

ការទិញធានារ៉ាប់រងយានយន្ត មិនគួរត្រូវបានគេមើលក្នុងផ្លូវអវិជ្ជមាន ដោយចាត់ទុកជាចំណាយដ៏ធំនោះទេ តែនេះជាការរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន សម្រាប់ការការពារហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍តែប៉ុណ្ណោះ៕