(ភ្នំពេញ)៖ ស្ថានទូតបារាំង និង អាល្លឺម៉ង់ រួមសហការជាមួយ វិទ្យាស្ថានបារាំងនៅកម្ពុជា និងមជ្ឈមណ្ឌលវប្បធម៌ Meta House រួមគ្នារៀបចំព្រឹត្តិការណ៍ជាច្រើន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែឧសភា ដើម្បីបង្ហាញពីតួនាទី ដ៏សំខាន់របស់វប្បធម៌ និងការអប់រំ ក្នុងការពង្រឹងទំនាក់ទំនង រវាងប្រទេស និងប្រជាជនទាំងពីរ។ ព្រឹត្តិការណ៍នេះ ត្រូវបាន ស្ថានទូតបារាំង និងអាល្លឺម៉ង់ រំពឹងថាយុទ្ធនាការនេះ នឹងជួយជំរុញឲ្យ មានកិច្ចពិភាក្សាទូលំទូលាយ និងអាចទាក់ទាញចំណាប់ អារម្មណ៍យុវជនកម្ពុជាបាន។
ពិធីនេះបានប្រព្រឹត្តទៅនៅវិទ្យាស្ថានបារាំងនៅកម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ដោយមានការចូលរួម ពីសំណាក់ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង លោក ហ្សង់-ក្លូដ ពាំបឹហ្វ ឯកអគ្គរដ្ឋ ទូតបារាំងប្រចាំកម្ពុជា និងលោកស្រី ដានីញែឡា ឌឹម ភារធារី ស្ថានទូតអាល្លឺម៉ង់ និងភ្ញៀវកិត្តិយផ្សេងទៀត យ៉ាងច្រើនកុះករ បានចូលរួម នៅក្នុងពិធីប្រកាស បើកជាផ្លូវការ នូវការរៀបចំកម្រងព្រឹត្តិការណ៍វប្បធម៌និងអប់រំ ដើម្បីបង្ហាញពីតួនាទីដ៏សំខាន់របស់វប្បធម៌ និងការអប់រំ នៅក្នុងការផ្សះផ្សា និងការពង្រឹងទំនាក់ទំនងរវាងប្រទេស និងប្រជាជនបារាំង-អាល្លឺម៉ង់។
លោក ហ្សង់-ក្លូដ ពាំបឹហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានឲ្យដឹងថា «ថ្វីបើដំណើរការផ្សះផ្សានេះ កើតចេញពីឆន្ទៈនយោបាយ បន្ទាប់ពីចប់សង្រ្គាមមែន ប៉ុន្តែគឺទំនាក់ទំនងរវាងប្រជាជនទាំងពីរទៅវិញទេ ដែលជាមូលដ្ឋាន នៃការស្រុះស្រួលគ្នា ដ៏រឹងមាំស្ថិតស្ថេរ។ ដូច្នេះខ្ញុំយល់ថា គេគួរសិក្សាស្វែង យល់ពីគន្លឹះជោគជ័យនៃការផ្សះផ្សានេះ ដែលត្រូវបានធ្វើឡើងក្នុងរយៈពេលមិនដល់កន្លះសតវត្សផង ដោយប្រទេសទាំង២អាចលុបបំបាត់ បាននូវការគុំកួន ផ្នែក នយោបាយ និងការពុំទុកចិត្តគ្នា ក្នុងចំណោមប្រជាជន»។
ចំពោះលោកស្រី ភារធារី ស្ថានទូតអាល្លឺម៉ង់វិញ ក៏បានលើកឡើងផងដែរអំពីប្រវត្តិរួបរួមរវាងអាល្លឺម៉ង់ និងបារាំង ជាពិសេសអំពីការ ផ្លាស់ប្តូរទស្សនកិច្ចសិក្សា ក្នុងចំណោមសិស្សសាលា។
ព្រឹត្តិការណ៍ក្នុងសប្តាហ៍នេះ ធ្វើឡើងក្នុងក្របខ័ណ្ឌ នៃកិច្ចសហការវប្បធម៌ រវាងប្រទេសបារាំង និងអាល្លឺម៉ង់ ក្រោមការគាំទ្រពីមូលនិធិវប្បធម៌បារាំង-អាល្លឺម៉ង់ ដែលត្រូវបានបង្កើតឡើង នៅថ្ងៃទី២២ មករា ឆ្នាំ២០០៣ ក្នុងឱកាសនៃខួបលើកទី៤០នៃសន្ធិសញ្ញាអេលីហ្សេ។ មូលនិធិនេះ ជួយឲ្យប្រទេសទាំងពីរជំរុញ និងគាំទ្រ ការផ្តួចផ្តើមគំនិត រៀបចំព្រឹត្តិការណ៍រួម នៅក្នុងប្រទេសទី៣៕