(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំក្រុមការងារនាំយកសម្ភារ គ្រឿងឧបភោគ បរិភោគ និងថវិកាឧបត្ថម្ភជូនមន្ត្រីខណ្ឌជួបការខ្វះខាត ដើម្បីជួយសម្រួលដល់ជីវភាព ក្រោយពីមានការផ្ដាំផ្ញើ និងការយកចិត្តទុកដាក់ពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី។

សកម្មភាពសមធម៌របស់លោក ជា ពិសី ដែលបានរៀបចំធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ក្នុងនាមប្រធានក្រុមការងារ ទី៣ នៃសមាគម សិស្ស និស្សិត អាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សហការជាមួយសមាគមនារីខណ្ឌ និងមានការអញ្ជើញចូលរួមពីលោកស្រី កែវ រ័ត្នតារា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ រាជធានីភ្នំពេញ។

លោក ជា ពិសី ក្នុងសកម្មភាពសមធម៌នេះ បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដល់មន្ត្រីឱ្យថែទាំសុខភាពឱ្យបានល្អប្រសើរ និងបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចបម្រើជូនប្រជាពលរដ្ឋ បន្ទាប់ពីឧបត្ថម្ភសម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីសម្រួលជីវភាពដល់មន្ត្រីជួបការខ្វះខាតក្នុងជីវភាព រួមមាន៖ អង្ករ៥០គីឡូក្រាម, ទឹកសុីអ៉ីវ១យួរ, ត្រីខ១យួរ, មី១កេស, ម៉ាស១ប្រអប់, ជែលលាងដៃ២ដប, និងថវិកាចំនួន ២០០,០០០រៀល៕