(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ លោកឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចូលរួម ពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ ដល់កងរាជអាវុធហត្ថមួយចំនួន នៅខេត្តកំពង់ចាម។
លោក សោ សាវឿន បានលើកឡើងថា ការប្រគល់នូវឋានន្តរសក្ដិ និងតួនាទីនេះ ពិតជាសមស្របតាមលក្ខណៈសម្បត្តិ សមត្ថភាព គុណធម៌ សីលធម៌ ដែលនាយទាហាន នៃកងរាជអាវុធហត្ថខេត្ត បានសងគុណ និងកសាងស្នាដៃ ជូនជាតិមាតុភូមិ នាពេលកន្លងទៅ ។
លោកបានបន្តថា «កងរាជអាវុធហត្ថខេត្តកំពង់ចាមយើង ត្រូវតែសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ដើម្បី ចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលមានគ្រោះធម្មជាតិ ឬបញ្ហាអ្វីមួយ និង ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធនានា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់តាមដាន ក្តាប់នូវសភាពការណ៍ រាល់សកម្មភាពដែលមានលក្ខណៈប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ដោយមិនអនុញ្ញាត ឲ្យក្រុមណាមួយ បុគ្គលណាមួយ មកបំផ្លិចបំផ្លាញ សមិទ្ធផលរបស់ រាជរដ្ឋាភិបាល និងប្រឆាំងដាច់ខាត មិនឲ្យមានបដិវត្តពណ៌ នៅក្នុងប្រទេសកម្ពុជា ជាដាច់ខាត»។
លោកមេបញ្ជាការ បានអញ្ជើញពិនិត្យអគាររដ្ឋបាល នៃបញ្ជាការដ្ឋានដែល មានទំហំ ទទឹង ៩ម៉ែត្រ x ៣៦ម៉ែត្រ កម្ពស់២ជាន់ ក្នុងគម្រោង ១០០,000ដុល្លារ ដែលបច្ចុប្បន្នកំពុងសាងសង់ និងសម្រេច បានប្រមាណជា ៤០% ចំណាយអស់ទឹកប្រាក់ ៤០,០០០ដុល្លារ ហើយ ៕