(ភ្នំពេញ)៖ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតឱ្យបេក្ខជនជ័យលាភីអាហារូបករណ៍ជប៉ុន (JDS) ឆ្នាំសិក្សា២០២២-២០២៣ ចំនួន២៤រូប ចូលជួបសំណេះសំណាលសម្ដែងការគួរសម មុនការចេញដំណើរទៅសិក្សានៅប្រទេសជប៉ុន។

ថ្លែងក្នុងឱកាសសំណេះសំណាលនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នាទីស្ដីការក្រសួងមុខងារសាធារណៈ លោករដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈបានសម្ដែងនូវការកោតសរសើរអបអរសាទរចំពោះជ័យលាភីទាំងអស់ជាមន្ត្រីរាជការបម្រើការងារនៅតាមក្រសួងស្ថាប័នរាជរដ្ឋាភិបាល ដែលបានទទួលជោគជ័យប្រឡងជាប់អាហារូបករណ៍ជប៉ុន (JDS) ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងគ្រឹះស្ថានសិក្សាល្បីៗនៅប្រទេសជប៉ុន។

លោករដ្ឋមន្ត្រី ព្រុំ សុខា បានគូសបញ្ជាក់ពីវឌ្ឍនភាពនៃកំណែទម្រង់រដ្ឋបាលសាធារណៈរយៈពេលកន្លងទៅ ដែលចូលរួមជាមួយកម្មវិធីកែទម្រង់វិស័យអាទិភាពដទៃទៀតរបស់រាជរដ្ឋាភិបាល ក្នុងការទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច សង្គមរយៈពេលជាង២ឆ្នាំកន្លងមកនេះ ពិសេសក្នុងដំណាក់កាលដែលកម្ពុជាបានឆ្លងកាត់វិបត្តិសកលនៃជំងឺ កូវីដ-១៩។

គួរកត់សម្គាល់មន្រ្តីរាជការសាធារណៈ និងកងកម្លាំងប្រដាប់អាវុធរបស់យើង សុទ្ធតែបានពុះពាររក្សារបៀបរស់នៅ និងបំពេញការងារតាមគន្លងនៃប្រក្រតីភាពថ្មី ចូលរួមយ៉ាងសកម្មជាមួយប្រជាពលរដ្ឋនៅទូទាំងប្រទេសក្នុងចលនាជាតិ ក្រោមមគ្គុទ្ទេសភាពដ៏ឈ្លាសវៃ និងថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រយុទ្ធឈ្នះជំងឺដ៏កាចសាហាវនេះ នាំសង្គមជាតិមកកាន់ស្ថានភាពជាធម្មតាឡើងវិញដូចសព្វថ្ងៃ។

ផ្អែកលើពិសោធន៍នៃការតស៊ូជំនះពុះពារការលំបាកឧបសគ្គកន្លងមក កាន់តែបញ្ជាក់ច្បាស់ពីតម្លៃនៃសុខសន្តិភាព និងបានបង្ហាញឱ្យឃើញពីភាពចាំបាច់នៃការលើកកម្ពស់សមត្ថភាពមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីរក្សាស្ថិរភាព និងពង្រឹងភាពធន់នៃវិស័យសាធារណៈ ធ្វើជាស្នូលឱ្យចលនារួមសំដៅបន្តជំរុញសកម្មភាពនៅទូទាំងប្រទេស រួមគ្នាប្រឈមមុខដោះស្រាយរាល់ផលវិបាកជាវិបត្តិដែលបង្កឡើងដោយកូវីដ-១៩ ក៏ដូចជាកត្តា ដទៃទៀត បណ្តាលមកពីការវិវត្តន៍ប្រែប្រួលឆាប់រហ័ស និងមិនប្រាកដប្រជានៃសភាពការណ៍សកលលោកនាពេលបច្ចុប្បន្ន។

លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក៏បានថ្លែងអំណរគុណក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាជូនចំពោះរដ្ឋាភិបាលជប៉ុន ដែលបន្តផ្ដល់ជំនួយឧបត្ថម្ភដល់ការសិក្សាបណ្ដុះបណ្ដាលសិស្សនិស្សិត និងមន្រ្តីរាជការ កម្ពុជា។

ចុងបញ្ចប់នៃពិធីសំណេះសំណាល លោករដ្ឋមន្រ្តីបានផ្តាំផ្ញើដល់លោក លោកស្រី ជ័យលាភីអាហារូបករណ៍ទាំងអស់ត្រូវក្តាប់ជាប់ និងប្រើប្រាស់ឱកាសល្អប្រសើរដែលទទួលបានពីការអប់រំដ៏ថ្លៃថ្លានេះ ដើម្បីខិតខំរៀនសូត្រឱ្យមានចំណេះដឹង ចំណេះធ្វើ និងជំនាញពិតប្រាកដ ហើយវិលត្រឡប់មកបម្រើជាតិ និងប្រជាជន សំដៅរួមចំណែកកសាងអនាគតរុងរឿងរបស់មាតុភូមិកម្ពុជា៕