(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេសអន្តរក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ និងវិស័យឯកជនដើម្បីពិនិត្យ កែសម្រួល និងផ្តល់ធាតុចូលលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការបង្កើត និងគ្រប់គ្រងសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (Science, Technology and Innovation Park, STI Park) ក្រោមអធិបតីភាព លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្នុងនោះក៏មានការចូលរួមពីក្រសួង-ស្ថាប័នចំនួន១៨ អង្គការជាតិ និងអន្តរជាតិ និងវិស័យឯកជនដូចជា សភាពាណិជ្ជកម្មកម្ពុជា,KE, FASMEC,YEAC, CWEA, ក្លឹបអ្នកវិទ្យាសាស្រ្តវ័យក្មេង ក្រុមហ៊ុន Denso, GGear Group, Amru Rice, ISI Group, Minebea Cambodia, Mongrethy Group, PP SEZ, Royal Group, Sabay Digital, SME Bank, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ និងបណ្តាសាកលវិទ្យាល័យមួយចំនួនទៀតផងដែរ។

អនុក្រឹត្យស្តីពីការបង្កើត និងគ្រប់គ្រងសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកទាក់ទាញវិនិយោគិន ធុរជន និងបុគ្គលមានគំនិតបង្កើតថ្មី និងនវានុវត្តន៍ថ្មីៗ ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសគឺចូលរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចជាតិ និងក្នុងគោលដៅសម្រេចឲ្យបាននូវចក្ខុវិស័យដែលកម្ពុជានឹងប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

បើតាមការបញ្ជាក់របស់ លោកបណ្ឌិត ហេង សុខគង់ នៅបណ្តាប្រទេសជិតខាងយើង មានការបង្កើតជាសួនវិទ្យាសាស្រ្ត ឬសួនបច្ចេកវិទ្យា និងនវានុវត្តន៍នេះជាច្រើនឆ្នាំមកហើយ ហើយបានចូលរួមចំណែកយ៉ាងធំធេង ក្នុងកំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេសទាំងនោះផងដែរ។ លោកបណ្ឌិតបានបញ្ជាក់ទៀតថា សេចក្តីព្រាងអនុក្រឹត្យនេះមាន ៨ជំពូក និង១៩មាត្រា ដោយក្នុងនោះ៖

* ជំពូកទី១ មាន៤មាត្រា ចែងពី គោលដៅ គោលបំណង វិសាលភាព និងនិយមន័យ
* ជំពូកទី២ មាន២ផ្នែកធំៗ និងមាន៥មាត្រា ដែលផ្នែកទី១ ចែងពីការបង្កើតគណៈកម្មាធិការជាតិសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មាន៤មាត្រា។ ដោយឡែកផ្នែកទី២ ស្តីពីលក្ខខណ្ឌចាំបាច់សម្រាប់បង្កើតសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មាន១មាត្រា
* ជំពូកទី៣ មាន២មាត្រាចែងពី ការលើកទឹកចិត្តសម្រាប់សួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
* ជំពូកទី៤ មាន១មាត្រា ចែងពីការប្រើប្រាស់ និងការគ្រប់គ្រងមូលធនមនុស្ស និងកម្លាំងពលកម្ម
* ជំពូកទី៥ មាន២មាត្រា ចែងពីការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងការស្រាវជ្រាវ និងអភិវឌ្ឍន៍
* ជំពូកទី៦ មាន២មាត្រា ចែងពីការផ្ទេរបច្ចេកវិទ្យា និងកម្មសិទ្ធិបញ្ញា
* ជំពូកទី៧ មាន២មាត្រា ចែងពីការដោះស្រាយវិវាទ និងករណីគម្រោងមិនដំណើរការ ឬក្ស័យធន
* ជំពូកទី៨ មាន១មាត្រា ចែងពីអវសានប្បញ្ញត្តិ៕