(ភ្នំពេញ)៖ មន្ទីរកសិកម្មខេត្តបាត់ដំបង ថ្មីៗនេះ បានជូនដំណឹងស្ដីពីការចុះបញ្ជីចម្ការមៀនប៉ៃលិន និងចម្ការស្វាយ និងស្នើសុំការបណ្តុះបណ្តាលការអនុវត្តកសិកម្មល្អ-កម្ពុជា សម្រាប់ធ្វើការនាំចេញទៅក្រៅប្រទេស ជាពិសេស ប្រទេសចិន។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន តាមទូរស័ព្ទថា ពាក់ព័ន្ធនឹងកិច្ចការងារនេះ គឺផ្អែកលើសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ និងសេចក្តីប្រកាសរបស់ អគ្គនាយកដ្ឋានកសិកម្ម តាំងពីមុនដែលមានការដាក់សំណើពីភាគីកម្ពុជា ជូនទៅអគ្គរដ្ឋបាលគយនៃប្រទេសចិន កាលពីឆ្នាំ២០១៩ ដើម្បីពិចារណាក្នុងការនាំចេញផ្លែមៀនស្រស់ពីកម្ពុជាទៅចិន។ ក្រោយមក ក្នុងឆ្នាំ២០២២នេះ ពេលដែលភាគីកម្ពុជា ទទួលបានការឯកភាពរួចរាល់នោះ កសិករមួយចំនួនមិនទាន់បានធ្វើការចុះបញ្ជីចម្ការបានច្រើន ឬ មិនទាន់ប្រតិបត្តិទៅតាមស្តង់ដា នៃការអនុវត្តកសិកម្មល្អ-កម្ពុជាដូច្នេះ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលជាតម្រូវការស្តង់ដា តាមការចង់បានរបស់ភាគីចិន ដោយសារតែភាគីចិនក៏ត្រូវគិតគូរពីសុខភាពរបស់ប្រជាជនចិន យើងក៏ត្រូវរៀបរយខ្លួនយើងដើម្បីធ្វើយ៉ាងណា ឲ្យការនាំចេញផ្លែមៀនកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ទទួលបានជោគជ័យ។

លោកប្រធានបានមានប្រសាសន៍ដែរថា កន្លងមក សម្រាប់ខេត្តបាត់ដំបង ការចុះបញ្ជីផ្លូវការ នៃការអនុវត្តកសិកម្មល្អ-កម្ពុជា ឬ Cam-Gap គឺទទួលបានតែ ៤១ ចម្ការទេ ក្នុងខេត្តបាត់ដំបង ប៉ុន្តែក្នុងសប្តាហ៍មុននេះ មន្ទីរកសិកម្មខេត្តបាត់ដំបងបានផ្ញើ ១៣៨ ចម្ការទៀត ដើម្បីស្នើសុំវាយតម្លៃថា តើអាចជាប់បានប៉ុន្មានចម្ការបន្ថែមទៀត ដើម្បីឲ្យគាត់មានលទ្ធភាពក្នុងការនាំចេញផ្លែមៀន ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន កាន់តែច្រើន។ អ្វីសំខាន់នោះ កុំឲ្យម្ចាស់ចម្ការដាំផ្លែមៀនទាំងនោះយល់ច្រលំថា ខាងភាគីចិននឹងទិញមៀនទូទៅ គឺទិញតែពីចម្ការមៀន ត្រូវអនុវត្តតាមស្តង់ដា Cam-Gap។

«កន្លងមក អ្នកខ្លះ មិត្តភ័ក្ត្រខ្ញុំអី ពេលជួបគ្នា គាត់មានមៀនដែរ លឺថា ចិនជួយទិញចឹង គាត់ត្រេកអរ សប្បាយចិត្ត ព្រោះកន្លងមក យើងធ្លាប់ដឹងទាំងអស់គ្នាហើយថា ខេត្តបាត់ដំបងយើង យើងដាំមៀនប៉ៃលិន (តាង៉ែន) ជាង៦ពាន់ហិកតា ហើយការឲ្យផល អាចជាង ៥ពាន់ហិកតា ចឹងពេលខ្លះ ក៏យើងមានបញ្ហាទីផ្សារ នាំទៅប្រទេសជិតខាង ដូចជា ថៃ នេះ គឺអត់ផ្លូវការទេ តាមរយៈក្រុមហ៊ុនណាមួយ នាំចេញទៅ ប៉ុន្តែឥលូវនេះ យើងទាំងអស់គ្នាសប្បាយចិត្ត នៅពេលដែលយើងទទួលបាន ព័ត៌មានដែលថាខាងសាធារណរដ្ឋប្រជាមានិតចិនទទួលទិញ..ជាដំណោះស្រាយ ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម ដែលបានធ្វើការសម្របសម្រួល ធ្វើទំនាក់ទំនង រហូតដល់ដំណាក់កាលចុងក្រោយនេះ មាន៨ក្រុមហ៊ុនហើយ ដែលកំពុងវាយតម្លៃថា អាចមានសមត្ថភាពសម្រាប់ការវេចខ្ចប់អី ផ្លែមៀនស្រស់ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន អញ្ចឹង ពួកគាត់នឹងទទួលទិញតែផលិផលមៀន ពីម្ចាស់ចម្ការ របស់បងប្អូនកសិករយើងដែលគាត់បាន Cam-Gap ហ្នឹងហើយ»

លោកប្រធានបានឲ្យដឹងដែរថា ការចុះបញ្ជីនេះ មិនត្រឹមតែចម្ការមៀនប៉ុណ្ណោះទេ គឺរួមទាំងចម្ការដំណាំស្វាយគ្រប់ទំហំផងដែរ ដែលទទួលបានការបើកផ្លូវ ពីភាគីចិន ដូច្នេះ មន្ទីរកសិកម្មខេត្តបាត់ដំបងក៏ចង់ឲ្យប្រជាកសិករដាំផ្លែស្វាយនៅក្នុងខេត្ត ត្រៀមខ្លួនជាមុនដែរ តាមរយៈការចុះបញ្ជីឲ្យរៀបរយ ឲ្យស្របតាមស្តង់ដាភាគីចិនតម្រូវ ហើយបើមិនមានការប្រែប្រួលទេ លទ្ធផលយើងក៏មិនភាពលំបាកទេ ពាក់ព័ន្ធនឹងស្វាយ ព្រោះថា ស្វាយមានច្រើន ដែលមានរហូតដល់ ១៧០០០ហិកតា ដែលអាចផ្តល់ផលចន្លោះពី ១២០០០ ទៅ ១៣០០០ហិកតា។

«ដាស់តឿនដល់ប្រជាកសិករយើងរៀបរយ រៀបចំខ្លួនទៅចុះបញ្ជីឲ្យហើយ មានទំហំប៉ុន្មាន ស្វាយហ្នឹងអាយុប៉ុន្មានឆ្នាំ មួយណាឲ្យផលប៉ុន្មាន ទំហំប៉ុណ្ណាដែលគាត់ត្រូវស្នើសុំឲ្យមានការចុះបញ្ជី អ្នកខ្លះ គាត់ដាំកន្លះហិកតា មួយហិកតា ៥ហិកតា អញ្ចឹងទៅ»

លោកប្រធានមន្ទីរកសិកម្ម ខេត្តបាត់ដំបងក៏បានលើកឡើងអំពីភាពយឺតយ៉ាវរបស់ប្រជាកសិករក្នុងការចុះបញ្ជីដែរថា «កន្លងមក ខ្ញុំបានចម្លងជូនរាល់សេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ ក៏ដូចជា អគ្គនាយកដ្ឋានកសិកម្ម ក៏ប៉ុន្តែយើងឃើញថា ពួកគាត់ដូចមិនសូវបានចាប់អារម្មណ៍ ដែលមានភ្ជាប់បញ្ចេញតាមបណ្តាញសង្គម តេឡេក្រាម ឬហ្វេសបុក ផ្សេងៗ ក៏យើងឃើញថា ម្ចាស់ចម្ការគាត់អត់ទេ តែដល់ពេលលឺថា យើងគៀក រឿងផ្លែមៀន យើងគ្រោងថា ក្នុងខែ១១ អីត្រូវនាំចេញ ពេលគាត់លឺហើយ គាត់រួសរាន់ ចង់រៀន រៀនហើយត្រូវចុះបញ្ជីដូចម្តេច»

លោកប្រធានមន្ទីរក៏បានណែនាំម្ចាស់ចម្ការ ដែលមិនទាន់បានចុះបញ្ជី និងបណ្តុះបណ្តាលការអនុវត្តកសិកម្មល្អ-កម្ពុជា (Cam-GAP) សូមធ្វើការស្នើសុំតាមរយៈ ឃុំ សង្កាត់ ឬ ក្រុង ស្រុកដែលនៅជិតមូលដ្ឋានរបស់លោក លោកស្រី សម្រាប់ការចុះបញ្ជី និងទទួលបានការបណ្តុះបណ្តាលរួច ត្រូវរួសរាន់ដាក់ពាក្យស្នើសុំ ធ្វើការវាយតម្លៃ ដើម្បីទទួលបានវិញ្ញាបនបត្រ នៃការអនុវត្តកសិកម្មល្អ-កម្ពុជា (Cam-GAP) និងស្នើសុំចុះបញ្ជីចំការសម្រាប់ការនាំចេញ ដែលជាលក្ខខណ្ឌតម្រូវសម្រាប់ នាំចេញទៅក្រៅប្រទេស ជាពិសេសប្រទេសចិន។

លោកប្រធានមន្ទីរកសិកម្មក៏បានបញ្ជាក់ដែរថា ការនាំចេញទៅចិន គឺជាការមានទីផ្សារមួយច្បាស់លាស់ ដោយសារតែខាងចិននឹងជួយទិញពីកម្ពុជា ទៅតាមអ្វីដែលយើងមានចែងក្នុងកិច្ចព្រមព្រៀង រវាងប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ។ ក្រៅពីលំនឹងទីផ្សារច្បាស់លាស់ ប្រជាកសិករក៏នឹងអាចទទួលបានប្រាក់កម្រៃខ្ពស់ជាងមុន ដែលនឹងមានការបាត់បង់ តាមរយៈឈ្នួញកណ្តាល នាពេលកន្លងមកនោះទេ។ មួយវិញទៀត មន្ទីរកសិកម្មក៏លើកទឹកចិត្តដល់ប្រជាកសិករ ចងក្រងជាសហគមន៍ ក្រោយពេលទទួលបានវិញ្ញាបណ្ណបត្រ Cam-Gap នេះ ជាសហគមន៍មៀន ស្វាយ ជាដើម ដើម្បីងាយស្រួល ក្នុងការវេចខ្ចប់និងលក់ផ្ទាល់នៅចម្ការ ដែលនាំឲ្យតម្លៃកើនឡើងទ្វេដង។

ក្នុងនាមមន្ត្រីជំនាញកសិកម្មមួយរូប លោកប្រធានមន្ទីរក៏បានគោរពថ្លែងអំណរគុណ ដល់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ដែលតែងគិតគូរពីវិស័យកសិកម្ម ជាវិស័យដែលលោកយល់ថា នឹងចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចកម្ពុជា។ លោកក៏សូមថ្លែងអំណរគុណ ជាពិសេស ដល់សាធារណរដ្ឋប្រជាមានិតចិន ដែលមានថ្នាក់ដឹកនាំតាំងពីជំនាន់មុនៗ រហូតដល់ជំនាន់ឯកឧត្តម ប្រធានរដ្ឋចិន Xin Jiping ដែលតែងតែជួយជ្រោមជ្រែងដល់កម្ពុជា ជាពិសេស ក្នុងបរិបទកូវីដនេះ មានតែមិត្តចិនទេ ដែលបានជួយដល់កម្ពុជាក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា រួមទាំងការជួយបន្តទិញផលិតផលកសិកម្មរបស់កម្ពុជា កាន់តែច្រើនបន្ថែមទៀត។

ការជូនដំណឹងរបស់មន្ទីរកសិកម្មខេត្តបាត់ដំបងនេះត្រូវបានធ្វើឡើង ស្របពេលដែលផ្លែមៀនប៉ៃលិន (តាង៉ែន) របស់កម្ពុជានឹងអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់បាន នារដូវប្រមូលផលខាងមុខនេះ ពោលគឺនៅចន្លោះពីខែកញ្ញា ឬ ខែតុលា ឆ្នាំ២០២២៕

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)