(កណ្តាល)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង ជាប្រធានគណៈពង្រឹងការងារ ស្រុកកោះធំ ខេត្តកណ្តាល បានថ្លែងថា ម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំនាពេលបច្ចុប្បន្ន បានផ្តល់ឱកាសយ៉ាងធំធេងឲ្យប្រទេសជាតិមាន ការអភិវឌ្ឍរីកចម្រើន លូតលាស់ ដែលការរីកចម្រើននេះ មិនត្រឹមតែផ្នែកអាណាចក្រនោះទេ តែខាងពុទ្ធចក្រ ក៏មានការីកចម្រើន ផងដែរ។
លោកទេសរដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលរូបលោកអញ្ជើញកាត់ឫសសីមាព្រះវិហារក្នុងវត្តឧត្តមមានជ័យ នាព្រឹកថ្ងៃ ទី២៦ ខែ ឧសភា ឆ្នាំ២០១៦នេះ។ វត្តឧត្តមមានជ័យ ស្ថិតក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។ ព្រះវិហារ ដែលកាត់ឫសសីមានា ព្រឹកមិញនេះ ត្រូវបានសាងសង់ឡើងអស់ទឹកប្រាក់ជាង ២៥ម៉ឺនដុល្លារអាមេរិក ដែលទទួលបានមកពីការចូលរួមពីសម្បុរសជន ជាពុទ្ធបរិស័ទ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានចូលរួមចំណែកកសាងព្រះវិហារនេះ នូវទឹកប្រាក់ជិត ៤ម៉ឺនដុល្លារ។
ក្នុងឱកាសចូលរួមពិធីបុណ្យបញ្ចុះសីមា នៅចំពោះមុខអ្នកចូលរួមជាង ១ពាន់នាក់ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងថា សមិទ្ធផលជាច្រើនក្នុងស្រុកកោះរួមមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន ទីអារាម ក៏ដូចជាព្រះវិហារ ដែលកាត់ ឫសសីមា សម្ពោធនាព្រឹកមិញនេះជាដើម គឺបានកើតឡើងដោយសារតែប្រទេសជាតិ មានសុខសន្តិភាព និងស្ថេរភាពនយោបាយ។
លោក ស៊ុន ចាន់ថុល បានរំលឹកទៅដល់របបវាលពិឃាត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលដឹកនាំដោយបនប្រល័យពូជសាសន៍ ប៉ុល ពត បានធ្វើឲ្យ ប្រទេសជាតិខ្ទេចខ្ទាំ និង បំផ្លិចបំផ្លាញគ្មានសល់ សូម្បីតែទីអារាម ក៏ត្រូវបានពួកអត់សាសនាយកទៅធ្វើជាកន្លែង ចិញ្ចឹមសត្វផងដែរ។
លោកទេសរដ្ឋមន្រ្តី បានថ្លែងថា បច្ចុប្បន្នក្រោមម្លប់សន្តិភាព រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បាននិងកំពុង យកចិត្តទុកដាក់ខ្លាំងក្នុងការអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្នុងនោះទីអារាម ក៏ត្រូវបាន យកចិត្តទុកដាក់ខ្លាំងណាស់ផងដែរ។ ជាសក្ខីភាពក្នុងស្រុកកោះធំ មានទីអារាមរហូតដល់ទៅ ៣៩វត្ត និងមានព្រះសង្ឃសរុប ៤៦១អង្គ គង្គ ជាស្រែបុណ្យសម្រាប់ប្រជាពុទ្ធបរិស័ទខ្មែរគោរពប្រណិប័តន៍។
លោក ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នេះ «សុខសន្តិភាពមានសារៈសំខាន់ខ្លាំងណាស់ មានសន្តិភាព ទើបយើងមានពេលវេលា ធ្វើបុណ្យទាន។ មានសន្តិភាព ទើបយើងមានពេលវេលាអភិវឌ្ឍភូមិឋានឲ្យរីកចម្រើន កសាងសាលារៀនឲ្យកូនចៅរបស់យើងបាន សិក្សារៀនសូត្រ។ ហើយបច្ចុប្បន្នស្រុកកោះធំយើង បាននិងកំពុងសាងសង់ស្ពានឆ្លងទន្លេ នេះគឺជាប្រវត្តិសាស្រ្តហើយសម្រាប់ ស្រុកកោះធំ»។
លោកទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ប្រាប់ប្រជាពលរដ្ឋដែរថា បច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាននិងខិតខំ យ៉ាងខ្លាំង ដើម្បីកសាងអភិវឌ្ឍប្រទេសជាតិ ដែលបានរំដោះពីគនរផេះផង់ នៃភ្លើងសង្រ្គាម។ លោកបន្តថា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងអភិវឌ្ឍគ្រប់វិស័យ និងប្រឹបប្រែងកសាងសាលារៀនបណ្តុះធនធានមនុស្ស ដើម្បីជួយអភិវឌ្ឍ ប្រទេសជាតិ។
ជាមួយការប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិ រាជរដ្ឋាភិបាល ក៏ប្រឹងប្រែងទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល។
នៅក្នុងពិធីនាព្រឹកមិញ លោក ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ប្រាប់ប្រជាពលរដ្ឋពីខិតខំធ្វើកំណែទម្រង់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការបង្ខិតសេវាឲ្យខិតកាន់តែជិតប្រជាពលរដ្ឋដូចជាការបង្កើតកន្លែងប្តូរ និងពន្យារបណ្ណបើកបរនៅផ្សារទំនើបអ៉ីអន ហើយកំពុង គិតគូរក្នុងការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តកម្ម នៃការចុះបញ្ជីបណ្ណបើកបរ ចុះបញ្ជីរថយន្ត និងការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសរថយន្តផងដែរ៕