(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ បានបន្តដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យវឌ្ឍនភាពការងារសិក្សា និងជម្រើសស្តីពីការតភ្ជាប់ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដោយមានការចូលរួមថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

លើកឡើងនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការអភិវឌ្ឍផ្លូវនាវាចរណ៍ទន្លេបាសាក់ ដើម្បីជំរុញការដឹកជញ្ជូនតាមផ្លូវទឹក នៅកម្ពុជា ដែលអាចជួយកាត់បន្ថយការចំណាយលើការដឹកជញ្ជូន និងភស្តុភារកម្ម និងមានប្រសិទ្ធភាពជាងមុន ព្រមទាំងងាយស្រួលធ្វើសមាហរណកម្ម ផ្ទៃក្នុងក្នុងវិស័យដឹកជញ្ជូន តាមផ្លូវទឹកផងដែរ។

បន្ថែមពីនេះបន្ទាប់ពីមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការសិក្សា និងជម្រើសស្តីពីការតភ្ជាប់ ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ និងមានការចូលរួមផ្តល់មតិយោបល់រួចមក លោកទេសរដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រុមការងារ ធ្វើការសិក្សាឱ្យបានស៊ីជម្រៅ លម្អិត និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីដាក់ជូនភាគីពាក់ព័ន្ធពិនិត្យពិចារណាផងដែរ៕