(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនជនសង្ស័យ២នាក់ ដែលពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយសារតែការប្រព្រឹត្តអំពីហិង្សា (ឆក់ខ្សែកមាស) នៅចំណុចផ្លូវបេតុង ផ្សារទួលលៀប ភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានភ្នាក់ងារ Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ មានជនសង្ស័យចំនួន៥នាក់ ជិះម៉ូតូចំនួន៥គ្រឿង មកដល់ត្រង់ចំណុចផ្លូវបេតុង ផ្សារទួលលៀប ភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌកំបូល ដោយឃេីញស្ត្រីម្នាក់ កំពុងដើរតាមផ្លូវម្នាក់ឯង មានពាក់ខ្សែកមាស។

ភ្លាមៗនោះ ក្រុមជនសង្ស័យឃេីញដូចនោះ ក៏ជិះម៉ូតូចូលទៅជិតស្ត្រីរងគ្រោះ ហើយក៏ធ្វើសកម្មភាពឆក់យកខ្សែកមាសបានសម្រេច រួចក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់សម្រោល រីឯបក្ខពួកផ្សេងទៀត នាំគ្នាជិះម៉ូតូបិទគូចពីក្រោយនាំគ្នាគេចខ្លួនបាត់អស់។ លោកបានបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះខាងលេី លោកបានបញ្ជាទៅមន្ត្រីជំនាញព្រហ្មទណ្ឌ ចុះទៅទីតាំងកេីតហេតុ ដេីម្បីធ្វេីការស្រាវជ្រាវយកចិត្តទុកដាក់ ដេីម្បីស្វែងរកក្រុមជនសង្ស័យខាងលេី យកមកដាក់ទោសតាមផ្លូវច្បាប់។

លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់នោះ រួមមានទី១៖ឈ្មោះ លី តិចឃាង អាយុ២៧ឆ្នាំ មុខរបរដឹកជញ្ជូនអីវ៉ាន់ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី២៖ឈ្មោះ ផាន់ សារុន អាយុ២៥ឆ្នាំ មុខរបរគួកជេររថយន្ត ស្នាក់នៅផ្ទះលេខ២៩ ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ចំណែកឯវត្ថុតាងចាប់យក រួមមានម៉ូតូ២គ្រឿង ទី១៖ម៉ាកហុងដាឃ្លីក ពណ៌ស ឆ្នាំផលិត២០២១ ពាក់ផ្លាកលេខភ្នំពេញ1JL-7607 និងទី២៖ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ1JG-7331។ ដោយឡែក ជនរងគ្រោះមានឈ្មោះ រ៉ន ចាន់រ៉ា ភេទស្រី អាយុ២២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌកំបូល។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ និងវត្ថុតាងរួចមក ត្រូវបានបញ្ចូនមកការិយាល័យនគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿង ចាត់ការបន្តតាមនីវិធីច្បាប់ ខណៈបក្ខពួកក្រុមជនសង្ស័យដែលនៅសល់ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វេីការស្រាវជ្រាវបន្តទៀត៕