(ភ្នំពេញ)៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យ លោក Sean Burnke នាយកកម្មវិធីអភិវឌ្ឍន៍ និងស្រាវជ្រាវការបោសសម្អាតមីន មនុស្សធម៌ (Humanitarian Demining Research and Development Program_HDR&D) របស់សហរដ្ឋអាមេរិក ចូលជួបពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះកម្មវិធី HDR&D ដែលបានផ្តល់នូវសម្ភារៈបច្ចេកវិទ្យាទំនើបចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា ហើយសម្ភារទាំងនេះពិតជាបាន ចូលរួមពន្លឿន ដល់ការបោសសម្អាតមីនប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។

លោកបន្តទៀតថា កម្មវិធី HDR&D បានផ្តល់សម្ភារបច្ចេកវិទ្យានេះគាំទ្រដល់កិច្ចប្រតិបត្តិការរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា អង្គការ HALO Trust អង្គការ MAG និងអង្គការ NPA។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យឲ្យលោក Sean Burnke នាយកកម្មវិធី បន្តគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការដល់គ្រប់ប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ ដើម្បីធានាឲ្យដំណើរការ នៃការងារបោសសម្អាតមីនឲ្យកាន់តែ ប្រសើរឡើង ជាមួយនឹងការប្រើប្រាស់សម្ភារៈបច្ចេកវិទ្យាទំនើបនេះ៕