(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការងារសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តព្រះសីហនុ និងសហព័ន្ធនារីវៀតណាម និងមានការអញ្ជើញចូលរួចពីរ លោកស្រី អ៊ូ ធីតាពៅ គួចចំរើន លោកស្រី មាន សំអាន ប្រធានគណៈកម្មាធិការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងលោកស្រី ហា ធីង៉ា ប្រធានសហព័ន្ធនារីវៀតណាម នៅសណ្ឋាគារឆ្នេរសុខា ស្ថិតនៅសង្កាត់លេខ៣ក្រុងព្រះសីហនុ។

លោកស្រី ហៀក ហ៊ីមុល្លី បានស្វាគមន៍អបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសហព័ន្ធនារីវៀតណាមនៅលើទឹកដីខេត្តព្រះសីហនុ ព្រមទាំងបានជំរាបជូនពីស្ថានភាពភូមិសាស្រ្ត វិទ្យាសាស្រ្តខេត្តព្រះសីហនុ ជាខេត្តសម្បូរទៅដោយធនធានធម្មជាតិដ៏សម្បូរបែប មានកោះ តូច ធំចំនួន៣២ មានឆ្នេរសមុទ្រប្រវែង ១៧៥,៨១គីឡូម៉ែត្រ មានកំពង់ផែអន្តរ ជាតិទឹកជ្រៅ ផ្លូវរថភ្លើង ផ្លូវល្បឿនលឿន ព្រលានយន្តហោះអន្តរជាតិ តំបន់សេដ្ឋកិច្ចពិសេស រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិលើវិស័យ ឧស្សាហកម្មពាណិជ្ជកម្មទេសចរណ៍ និងកសិកម្ម។

លោកស្រីបានបន្តថា សមាគមនារីខេត្តព្រះសីហនុ មានគណៈកម្មាធិការប្រតិបត្តិ និងគណៈកម្មាធិការកិត្តិយសពីថ្នាក់ខេត្តរហូតដល់ ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ទីរ អង្គភាពសរុបចំនួន ៥៣៨នាក់។ សមាគមនារីខេត្តព្រះសីហនុមានទំនាក់ទំនងសម្ព័ន្ធមេត្រីភាពជាមួយសហព័ន្ធនារីខេត្តកៀងយ៉ាង និងខេត្តប៉ាក់លីវ ថ្នាក់ដឹកនាំខេត្ត និងសមាគមនារីខេត្តតែងតែមានកម្មវិធីជូនពរខេត្តទាំងបី នៅក្នុងរដូវចូលឆ្នាំប្រពៃណីខ្មែរ និងចូលឆ្នាំវៀតណាម។

ក្នុងដំណាក់កាលវិបត្តិនៃជំងឺកូវីដ គណៈកម្មាធិកាសមាគមនារីខេត្តព្រះសីហនុ បានចូលរួមសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋនៅក្នុងតំបន់បិតខ្ចប់ ដែលខ្វះខាតស្បៀងទាន់ពេលវេលា។ គណៈកម្មាធិកាកិត្តិយសសមាគមនារីខេត្ត ដោយមានការចូលរួមពីសប្បុរសជនជាតិ អន្តរជាតិ និងសហការពីមន្ទីរកិច្ចការនារីខេត្តបានចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់ប្រជាពលរដ្ឋ ពិសេសស្ត្រីក្រីក្រកូនច្រើន ស្ត្រីមេម៉ាយ ស្ត្រីមានផ្ទៃពោះ ស្ត្រីឆ្លងទន្លេ កុមារកំព្រា ក្មេងអនាថា ចាស់ជរា គ្រោះថ្នាក់ចរាចរណ៍ ទឹកជំនន់ ភ្លើងឆេះផ្ទះ។ល។

លោកស្រី ហា ធីង៉ា ប្រធានសហព័ន្ធនារីវៀតណាម បានថ្លែងអំណរគុណការទទួលស្វាគមនពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តព្រះសីហនុ និងបានជំរាបជូនអំពីសហព័ន្ធនារីប្រទេសវៀតណាមមានអង្គការចំនួន២ ជារៀងរាល់ ៥ឆ្នាំម្តងធ្វើសន្និបាតវាយតម្លៃប្រសិទ្ធភាពការងាររបស់ស្ត្រី។ សហព័ន្ធនារីវៀតណាមមានសហគ្រិនរបស់ស្ត្រីក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនៅតាមបណ្តាខេត្តនៃប្រទេសវៀតណាមក្នុងវិស័យកសិកម្ម។
បច្ចុប្បន្នដោយមានការយកចិត្តទុក ដាក់ពីសហគ្រាសដែលគ្រប់គ្រងដោយស្រ្តីបំរើឲ្យវិស័យជនបទ និងការអនុគ្រោះក្នុងការជួយកញ្ចប់ថវិកាកម្ចីទុន ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនក្លាយជាសហគ្រាសគ្រប់គ្រងដោយស្ត្រី។ ជារៀងរាល់ឆ្នាំ នៅខែ១០ សហព័ន្ធនារីប្រទេសវៀតណាមតែងតែធ្វើការប្រកួតប្រជែងលើសហគ្រាសជាស្ត្រី ក្រៅពីនោះក៏មានអង្គការហិរញ្ញវត្ថុជួយគាំទ្រដល់ស្ត្រីក្រីក្រ ដើម្បីធ្វើការអភិវឌ្ឍអាជីវកម្មរបស់ខ្លួនកាត់បន្ថយភាពក្រីក្រ តាមគោលនយោបាយគាំពារសង្គមក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ លោកជំទាវសង្ឃឹមថា នៅពេលខាងមុខខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនក្លាយជាក្បាលម៉ាស៊ីនសេដ្ឋកិច្ច និងក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនាពេលខាងមុខ។

លោកស្រី មាន សំអាន ប្រធានគណៈកម្មាធិការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានអគុណសមាគមនារីខេត្តព្រះសីហនុ បានសម្របសម្រួលឱ្យគណៈប្រតិភូសហព័ន្ធនារី ប្រទេសវៀតណាម ធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ។ ក្នុងរយៈពេល ២ឆ្នាំ កម្ពុជា និងប្រទេសនៅលើសកលលោកឆ្លងកាត់នូវការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ប៉ុន្តែអ្វីដែលសប្បាយនាពេលនេះ គឺការជួបជុំជាលក្ខណៈពិសសរវាងគណៈប្រតិភូសហព័ន្ធនារីវៀតណាមនៅលើទឹកដីខេត្តព្រះសីហនុ ហើយក៏ជាប្រតិភូទីមួយបន្ទាប់ពីកម្ពុជាបើកប្រទេស និងបើកសេដ្ឋកិច្ចឡើងវិញបានមកទស្សនកិច្ចនៅខេត្តព្រះសីហនុ។ ការទទួលខុសត្រូវរបស់សហព័ន្ធនារីវៀតណាមនៅតាមបណ្តាខេត្តជាប់ព្រំដែនបន្តផ្លាស់ប្តូរនូវបទពិសោធន៍ សកម្មភាពការងារពីគ្នាក្នុងការចូលរួមចំណែកលើកកម្ពស់ប្រជាពលរដ្ឋក៏ដូចជាស្រ្តីរបស់យើង ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលគណៈប្រតិភូសហព័ន្ធនារីប្រទេសវៀតណាមបានចែករំលែកបទពិសោធន៍ និងការគាំទ្រគ្នាទៅវិញទៅមករបស់ស្ត្រីដែលមានតួនាទីក្នុងការចូលរួមគាំទ្រសេដ្ឋកិច្ចសង្គម៕