(ភ្នំពេញ)៖ កុលបុត្រខ្មែរប្រមាណ ៣០រូប ដែលដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតប្រជែងគណិតវិទ្យានៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ ដោយបាននាំមកនូវកិត្តិយស និងមោទនភាពក្រៃលែង សម្រាប់់ខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ។

ក្រោមកម្មវិធីប្រកួតប្រជែង COPERNICUS OLYMPIAD កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុន Bright Education Consultant and Travel បានសម្របសម្រួល និងបញ្ជូនកុលបុត្រខ្មែរចំនួន ៣៤រូប ទៅចូលរួមប្រកួតប្រជែងគណិតវិទ្យា ដែលរៀបចំឡើងនៅសកលវិទ្យាល័យ Columbia University នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ សិស្សដែលបានបញ្ជូនចូលរួមប្រកួតប្រជែងនេះ មានពីកម្រិតបឋម រហូតដល់វិទ្យាល័យ។

ការប្រកួតប្រកួតប្រជែងនេះ មានបេក្ខជនមកពីប្រទេស ៩ផ្សេងគ្នារួមមាន៖ កម្ពុជា អាមេរិក ហ្វីលីពិន អង់ហ្កោឡា ប្រេស៊ីល ប៊ុលហ្គារី គីជីស្ថាន ឡាវ និងវៀតណាម។

ជាលទ្ធផលនៃការប្រកួតប្រជែង ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកក្កដា សិស្សានុសិស្សខ្មែរ ៣០រូប ក្នុងចំណោម ៣៤រូប ទទួលបានមេដាយមាស ៣រូប ប្រាក់ ១១រូប និងសំរឹទ្ធ ១៦រូប។ សិស្សានុស្សខ្មែរដែលទទួលបានមេដាយមាសរួមមាន៖ ១) ឈ្មោះ ទូច ម៉ូនីកា សិស្សថ្នាក់ទី១០ មកពីសាលារៀន Westgate International School, ២) ឈ្មោះ ជា សឺហ្វុង សិស្សថ្នាក់ទី៨ មកពីសាលារៀន AIS (American Intercon School) និងទី៣) ឈ្មោះ រិទ្ធ នីវិសាលស្ណុ សិស្សថ្នាក់ទី១១ មកពីសាលារៀនវិទ្យាល័យ ឬស្សីកែវ។

ម្ចាស់មេដាយមាស រិទ្ធ នីវិសាលស្ណុ ជាបេក្ខជនបានពិន្ទុលើសគេសម្រាប់កម្រិតថ្នាក់ទី១១-១២ ជាមួយពិន្ទុ ៨៤ លើ១០០។ ម្ចាស់មេដាយមាស ទូច ម៉ូនីកា ជាបេក្ខជនបានពិន្ទុខ្ពស់ជាងគេសម្រាប់កម្រិតថ្នាក់ទី៩-១០ ជាមួយពិន្ទុ ៧២ លើ១០០។ ដោយឡែកម្ចាស់មេដាយមាស ជា សឺហ្វុង បានពិន្ទុលំដាប់ទី២ សម្រាប់កម្រិតថ្នាក់៧-៨។

យុវជន រិទ្ធ នីវិសាលស្ណុ ជាអ្នកដែលបានធ្លាប់បានចូលរួមប្រកួតប្រជែងការប្រឡងគណិតវិទ្យាក្នុងកម្មវិធីជាច្រើនទាំងថ្នាក់ជាតិ និងអន្តរជាតិ ហើយធ្លាប់បានទទួលមេដាយមាស ប្រាក់ និងសំរឹទ្ធ រហូតដល់ទៅជាង ១០ឯណោះ។

រិទ្ធ នីវីសាលស្ណុ បានលើកសរសើរកម្មវិធីប្រកួតប្រជែងគណិតវិទ្យាដែលរៀបចំដោយ COPERNICUS OLYMPIAD គឺមានភាពសុក្រឹត និងយុត្តិធម៌ ហើយវិញ្ញាសារវិញក៏មានកម្រិតខ្ពស់ជាងវិញ្ញាសារដែលគេធ្លាប់ប្រកួតនាពេលកន្លងទៅផងដែរ។

យុវជន នីវីសាលស្ណុ បានអះអាងបែបនេះ «ទោះបីវារៀបចំដោយវិស័យឯកជនម៉ែន តែការរៀបចំល្អមែនទែន។ ការប្រកួតនៅអាមេរិកនេះ វាមានភាពលំបាកជាងរាល់ដងបន្តិច ដោយស្តង់ដាររបស់អាមេរិក វាមានភាពខ្ពស់ជាងប្រទេសដទៃទៀត»

ជាមួយការទទួលបានជោគជ័យលើការប្រកួតដែលជាកិត្តិយសដ៏ថ្លៃថ្លាមួយសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិនេះ កុលបុត្រដ៏ឆ្នើមរបស់ខ្មែរ បានបង្ហាញនូវអារម្មណ៍រំភើបរីករាយជាខ្លាំង។

យុវជន រិទ្ធ នីវិសាលស្ណុ បានបញ្ជាក់បែបនេះ «សម្រាប់ប្អូនផ្ទាល់មានមោទនភាពមែនទែន សម្រាប់ការទទួលបានមេដាយមាសក្នុងការប្រឡងកម្រិតអន្តរជាតិរបស់អាមេរិកផ្ទាល់។ ការប្រឡងវាមានភាពលំបាក ពេលយើងទទួលបានមេដាយមាស មានអារម្មណ៍ថាសប្បាយចិត្ត និងមានមោទនភាពលើការខិតខំប្រឹងប្រែងរបស់ខ្លួន។

យុវតី ទូច ម៉ូនីកា បានបង្ហាញអារម្មណ៍របស់គេយ៉ាងដូច្នេះ «នៅពេលខ្ញុំទទួលបានមេដាយមាស ខ្ញុំមានអារម្មណ៍រំភើប ហើយសប្បាយចិត្តជាខ្លាំង ហើយថែមទាំងមានមោទនភាពលើខ្លួនឯង ដែលទទួលបានមេដាយមាស ហើយផ្តល់កិត្តិយសជូនប្រទេសជាតិ»

យុវតី ជា សឺហ្វុង បានអះអាងថា ការដែលរូបគេចូលរួមប្រកួតប្រជែងមិនបានគិតចង់បានមេដាយមាសនោះឡើយ ចង់បានត្រឹមបទពិសោធន៍ប៉ុណ្ណោះ ព្រោះថា បទពិសោធន៍សំខាន់ណាស់សម្រាប់អ្នកសិក្សា។ ដូច្នេះការទទួលបានមេដាយមាស គឺធ្វើឱ្យរូបគេរីករាយយ៉ាងខ្លាំង។

យុវតី ជា សឺហ្វុង បានបញ្ជាក់យ៉ាងដូច្នេះ «យើងចូលរួមប្រកួតយើងអត់នឹកស្មានថា យើងបានមេដាយមាសទេ។ ដំបូងអ្វីដែលយើងចង់បានបំផុត គឺបទពិសោធន៍ ព្រោះក្នុងនាមយើងជាសិស្សត្រូវការបទពិសោធន៍ ដើម្បីអភិវឌ្ឍន៍ខ្លួនឯង»

លោកឪពុក អ្នកម្តាយ គឺជាអាណាព្យាបាលតែងតែងប្រឹងប្រែងទំនុកបម្រុង និងគាំទ្រយ៉ាងខ្លាំងក្លាសម្រាប់ការសិក្សារបស់កូនៗ។ ការដណ្តើមមេដាយមាសពីការប្រកួតកម្រិតអន្តរជាតិរបស់កូនៗ គឺជាសមិទ្ធផលដ៏មហាសាល និងពោរពេញដោយក្តីរំភើបសម្រាប់អាណាព្យាបាលផងដែរ។

អ្នកស្រី ណូរ៉ា អាណាព្យាបាលសិស្សឈ្មោះ ទូច ម៉ូនីកា មកពីខេត្តសៀមរាប បានប្រាប់ Fresh News ថា អ្នកស្រីពិតជារំភើបខ្លាំងណាស់ពេលឃើញទង់ជាតិខ្មែរលើឆាកអន្តរជាតិ។

អ្នកស្រី បានបញ្ជាក់ដូច្នេះ «នៅពេលកូនបានលទ្ធផលល្អ បេះដូងខ្ញុំជាម្តាយពិតជារំភើប រំភើបក្រៃលែង រំភើបរហូតស្រក់ទឹកភ្នែក»

អ្នកស្រី ក៏សូមអរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដឹកនាំប្រទេសឱ្យមានសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងផ្តល់ឱកាសឱ្យកូនខ្មែរ មានឱកាសបានប្រកួតប្រជែងសមត្ថភាពលើឆាកអន្តរជាតិ។

ឪពុករបស់ម្ចាស់មេដាយមាស ជា សឺហ្វុង បានបង្ហាញអារម្មណ៍របស់លោកយ៉ាងដូច្នេះ «ខ្ញុំមិននឹកស្មានដល់ទេ កូនខ្ញុំទទួលបានមេដាយមាសនេះ។ សប្បាយចិត្តមែនទែន យើងឃើញថា លទ្ធផលដែលគេប្រកាសចេញមកហ្នឹង លើឆាកអន្តរជាតិមានវត្តមានរបស់ខ្មែរយើង»។

អ្នកស្រី ឆន ម៉ារ៉ាឌី ម្តាយរបស់ម្ចាស់មេដាយមាស រិទ្ធ នីវិសាលស្ណុ បានបង្ហាញអារម្មណ៍ចំពោះលទ្ធផលរបស់កូនយ៉ាងដូច្នេះ «គាត់ [យុវជន រិទ្ធ នីវិសាលស្ណុ] ធ្លាប់ទទួលបានមេដាយមាសច្រើនលើក តែលើកនេះរំភើបខ្លាំងដោយសារមេដាយនេះយើងចេញទៅប្រកួតកម្រិតអន្តរជាតិ យើងចេញទៅដល់ស្រុកក្រៅ។ ពេលគាត់ទទួលបានមេដាយបែបនេះ គឺរំភើបខ្លាំងមែនទែន»

សូមបញ្ជាក់ថា កម្មវិធីប្រកួតប្រជែង COPERNICUS OLYMPIAD គឺជាការប្រឡងប្រជែងដ៏ធំមួយដែលមានមុខវិជ្ជាចំនួន ៥ រួមមាន៖ Mathematics, Natural Science, Physics and Astronomy, Cyber Security និង Film Festival ដែលបេក្ខជនចូលរួមចំនួន ១,៥៣១រូប មកពី ២៦ប្រទេសផ្សេងៗគ្នាជុំវិញពិភពលោក។

សម្រាប់កម្ពុជាការរៀបចំឱ្យមានការចូលរួមប្រកួតប្រជែងនេះ គឺទើបមានជាលើកដំបូងនៅក្នុងឆ្នាំ២០២២នេះ។ ការរៀបចំនៅកម្ពុជា ធ្វើឡើងដោយ Bright Education Consultant and Travel។ ការប្រឡងមានចំនួនពីរជុំ ដែលជុំទី០១ (Online Local Elimination Round) បានធ្វើឡើងតាម Online កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ដោយមានបេក្ខជនចូលរួមចំនួន ២១១នាក់ មកពីសាលាចំនួន៤៣ ទាំងសាលារដ្ឋ និងឯកជន។ សិស្សដែលទទួលបានជោគជ័យក្នុងជុំទី១ ទទួលបានឱកាសទៅប្រកួតជុំទី២ (Global Round) ដែលរៀបចំឡើងនៅសហរដ្ឋអាមេរិក។

លោក អែន ណូរី អ្នកទីផ្សារនៅក្រុមហ៊ុន Bright Education Consultant and Travel បានគូសបញ្ជាក់ថា ការដែលក្រុមហ៊ុនបាននាំយកកម្មវិធី COPERNICUS OLYMPIAD មកប្រកួតប្រជែងនៅកម្ពុជា គឺមានគោលបំណងផ្តល់ឱកាសដល់សិស្សានុសិស្សរបស់ខ្មែរមានឱកាសបញ្ចេញសមត្ថភាព និងបង្ហាញសមត្ថភាពរបស់ពួកគេ។

បេក្ខជន និងអាណាព្យាបាល បានវាយតម្លៃខ្ពស់ចំពោះកម្មវិធីប្រកួតប្រជែង COPERNICUS OLYMPIAD ព្រោះបានផ្តល់ឱកាសឱ្យសិស្សានុសិស្សបានបង្ហាញសមត្ថភាព និងដកពិសោធន៍ពីការប្រកួត។ ពួកគេចង់ឱ្យមានកម្មវិធីប្រកួតប្រជែងមានកាន់តែច្រើននៅកម្ពុជា ដើម្បីផ្តល់ឱកាសកូនខ្មែរបានបង្ហាញសមត្ថភាពដ៏ខ្លាំងពូកែរបស់ពួកគេ៕