(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ បានចុះចែករទេះសប្បុរសធម៌ ចំនួន៣៥គ្រឿង ដែលជាជំនួយរបស់អង្គការសប្បុរសធម៌ ពុទ្ធបរិស័ទថ្ងៃចុងក្រោយ (LDSC) ជូនដល់ជនពិការ នៃមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ក្នុងខេត្តព្រៃវែង។
លោក ជា សុមេធី បានថ្លែងឱ្យដឹងថា «ខ្ញុំសូមកោតសរសើរ និងអរគុណចំពោះអង្គការសប្បុរសធម៌ពុទ្ធបរិស័ទថ្ងៃចុងក្រោយ (LDSC) ដែលបានផ្តល់ថវិកាគាំទ្រ ជូនដល់អង្គការអតីតយុទ្ធជនអន្តរជាតិកម្ពុជា និងសមាគមផ្តល់រទេះរុញ ដើម្បីសង្រ្គោះ និងអភិវឌ្ឍក្នុងការផលិត ចែកចាយរទេះរុញ ជាច្រើនប្រភេទជូនដល់បងប្អូនជនពិការយើង នៅក្នុងតំបន់គោលដៅរបស់ខ្លួននៃប្រទេសកម្ពុជា ជាពិសេសនៅខេត្តព្រៃវែងនេះ តែម្ដង ក្នុងគោលបំណងផ្តល់នូវរទេះរុញ ដែលមានគុណភាព និងសមស្របទៅតាមប្រភេទពិការភាព ជូនដល់បងប្អូនជនពិការ សម្រាប់ប្រើប្រាស់តាមតម្រូវការ នៅក្នុងសហគមន៍»។
លោកបានបញ្ជាក់ថា «សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីពេលកន្លងទៅ ក៏បានប្រកាសដែរថា ជនពិការ និងកុមារពិការ ត្រូវដាក់បញ្ចូលទៅក្នុងគ្រប់សកម្មភាពអភិវឌ្ឍន៍ មិនត្រូវដាក់ជនពិការ ឱ្យនៅដាច់ដោយឡែកនោះទេ និងធ្វើយ៉ាងណា ឱ្យមានការផ្លាស់ប្តូរឥរិយាបទ ការយល់ឃើញរបស់សង្គម ចំពោះជនពិការ ក្នុងការទទួលស្គាល់សកម្មភាព និងសំឡេងរបស់ជនពិការ ដែលនាំមកនូវការលើកកម្ពស់ ដល់ការអភិវឌ្ឍសង្គម ជាពិសេសផ្តល់ឱកាសដល់ពួកគាត់ ក្នុងការចូលរួមបម្រើកិច្ចការងារ នៅក្នុងសង្គមកម្ពុជា»។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់លើជនពិការ ជាពិសេសត្រូវទប់ស្កាត់ កាត់បន្ថយ និងលប់បំបាត់ការរើសអើងជនពិការ ព្រមទាំងការស្តារលទ្ធភាពពលកម្មកាយសម្បទា សតិបញ្ញា និងវិជ្ជាជីវៈ សំដៅធានាលទ្ធភាពក្នុងការចូលរួម ដ៏ពេញលេញ និងដោយស្មើភាពនៃជនពិការគ្រប់សកម្មភាពសង្គមនានា ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់ជនពិការ, អនុសញ្ញាស្តីពិជនពិការ, ទស្សវត្សជនពិការ ឆ្នាំ២០១៣-២០២២ និងយុទ្ធសាស្រ្តអ៊ីឈន់ (ធ្វើអោយសិទ្ធិក្លាយជាការពិត) ក៏ដូចជាផែនការយុទ្ធសាស្រ្តជាតិស្តីពី ពិការភាព ឆ្នាំ២០១៤-២០១៨។ ក្រៅពីផ្តល់រទេះសប្បុរសធម៌ ចំនួន៣៥គ្រឿង ដល់ជនពិការ រួចមកលោកបានចូលទៅពិនិត្យកន្លែងផលិតសម្ភារសិប្បនិម្មិត សម្រាប់ជនពិការ ព្រមទាំងចុះសួរសុខទុក្ខជនពិការ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមជ្ឃមណ្ឌល និងបានផ្ដល់ជូនប្រាក់មួយចំនួនដល់ពួកគាត់ ផងដែរ៕