(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងឱ្យក្រុមគ្រួសារទាំងមូល គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសមានចិត្តដ៏ឧត្តុង្គឧត្តមមិនអាចកាត់ថ្លៃបាន ចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិត អាហាររូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តាងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីកាកបាទក្រហមកម្ពុជា, លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ, លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់រូប ដែលបានចូលរួមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំ ក្នុងក្រុមគ្រួសាររបស់លោក ដែលបានបាត់បង់ឧបាសិកា ជា អេង ជាម្តាយ និងជីដូនប្រកបដោយក្តីគោរពស្រឡាញ់។

ក្នុងសារលិខិតថ្លែងអំណរគុណធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានផ្តល់កិត្តិយសដ៏ឧត្តុងឧត្តមចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសាររបស់លោក តាមរយៈសារលិខិតរំលែកទុក្ខ និងអញ្ជើញចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ និងបានចូលរួមពិធីបុណ្យបូជាសព និងបុណ្យ ៧ថ្ងៃ ឧបាសិកា ជា អេង ត្រូវជាម្តាយបង្កើត ម្តាយក្មេក និងជីដូនជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ។

ក្នុងសារលិខិតថ្លែងអំណរគុណនេះ ឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ ក៏បានសូមថ្លែងអំណរគុណដល់ក្រុមការងាររៀបចំបុណ្យសព បងប្អូនញាតិមិត្តជិតឆ្ញាយទាំងអស់ ដែលបានចំណាយពេលវេលាដ៏មមាញឹក ចូលរួមជួយរៀបចំពិធីបុណ្យសព បូជាសព និងបុណ្យ ៧ថ្ងៃ ប្រព្រឹត្តទៅដោយរលូនតាមប្រពៃណីព្រះពុទ្ធសាសនា។

តាងនាមក្រុមគ្រួសារសពទាំងមូល ឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ បវមហាប្រសើរ ថ្វាយសម្តេចព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងសូមគោរពជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ និងសមប្រកបដោយពរទាំ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕