(ក្រចេះ)៖ ស្រ្តីវ័យចំណាស់ម្នាក់ត្រូវបាន គេប្រទះឃើញស្លាប់ផ្គាប់មុខលើចង្រ្កានដាំស្លរ ខណៈដែលរូបគាត់ និងប្ដីទៅដេកធ្វើស្រែ។ ករណីនេះត្រូវសមត្ថកិច្ចសង្ស័យថាជាករណីឃាតកម្ម ព្រោះឃើញមានស្នាមកាប់ចំកញ្ចឹងករ។

ហេតុការណ៍នេះបានកើតឡើង នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចក្បាលស្រែទំនុបចិន ស្ថិតនៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។

នគរបាលបានបញ្ជាក់ថា ស្រ្តីជនរងគ្រោះឈ្មោះក្ដាន់ យ៉េន ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្តបុរី ខេត្តក្រចេះ។ នៅវេលាម៉ោង៨យប់ មានប្អូនថ្លៃជនរងគ្រោះតេទៅនគរបាលរីករាយការណ៍ថា បងថ្លៃគាត់ត្រូវបានគេកាប់ហើយក្រុមគ្រួសារបានដឹកគាត់មកមណ្ឌលសុខភាព ហើយគ្រូពេទ្យបានបញ្ជាក់ថារូបគាត់បានស្លាប់បាត់ទៅហើយ។

នគរបាលបានឱ្យដឹងថា ជនរងគ្រោះបានទៅដេកធ្វើស្រែជាមួយប្ដី អស់រយៈពេល៧ថ្ងៃហើយ ស្រាប់តែនៅល្ងាចម្សិលមិញនេះគេប្រទះឃើញគាត់ស្លាប់ផ្គាប់មុខលើចង្ក្រាន ដោយមានស្នាមកាប់ និងវត្ថុរឹងចំកញ្ចឹងករ ហើយករណីនេះកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ កំពុងចុះស៊ើបអង្កេតស្រាវជ្រាវ នៅកន្លែងកើតហេតុ ដើម្បីកំណត់មុខសញ្ញាជនដៃដល់។

បច្ចប្បន្នកម្លាំងនគរបាលបានហៅប្ដីជនរងគ្រោះ ទៅសួរនាំរកមូលហេតុ នៅប៉ុស្តិ៍រដ្ឋបាលថ្មគ្រែ ក្រោយមកបន្តនាំយកទៅសួរនាំ នៅអធិកាដ្ឋានរនគរបាលស្រុកចិត្របុរីបន្តទៀត៕