(ក្រចេះ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគបាលខេត្តក្រចេះ សហការជាជាមួយជំនាញរដ្ឋបាលព្រៃឈើសង្កាត់ថ្មក្រែ កាលពីវេលាម៉ោង១០៖១៥នាទី យប់ថ្ងៃទី២៥ ខែសភា ឆ្នាំ២០១៦ បានបើកប្រតិបត្តិការ ចុះឃាត់រថយន្ដ កាមរីបាឡែន ពណ៌ស មួយគ្រឿង ដែលបានដឹកសាច់សត្វព្រៃ ទម្ងន់ជិត១០០គីឡូក្រាម បម្រុងនាំយកទៅលក់បន្ត ស្ថិតត្រង់ចំនុចខ្លាស្ទុះ សង្កាត់អូរឬស្សី ក្រុងក្រចះ ខេត្តក្រចេះ។
មន្រ្តីនគរបាលសេដ្ឋកិច្ច បានប្រាប់ឲ្យដឹងថា «បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍មកភ្លាមថា មានរថយន្ដ កាមរីបាឡែន ពណ៌ស មួយគ្រឿង បានដឹកសាច់សត្វព្រៃ ចេញពីឃុំរលួស ស្រុកសំបូរនោះ ទើបយើងប្រញាប់ប្រញាល់ ដាក់កម្លាំងចាំត្រួតពិនិត្យមើល ហើយនៅពេលរថយន្ដ ដែលជាមុខសញ្ញាមកដល់ កម្លាំងយើង ក៏បានឃាត់រថយន្ដនោះទុក ដើម្បីធ្វើការឆែកឆេរ ភ្លាមៗនោះអ្នកបើកបរ និងព្រូរថយន្ត បាននាំគ្នារត់បាត់ស្រមោលឈឹង នៅតែរថយន្ដ និងសាច់សត្វព្រៃ ទម្ងន់ជិត១០០គីឡូក្រាម»។
លើសពីនេះ មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ ក៏បានឲ្យដឹងដែរថា សាច់សត្វព្រៃ ដែលដកហូតបាននោះមាន សាច់ជ្រូកព្រៃ ចំនួន៥៧គីឡូក្រាម និងសាច់ឈ្លួស ចំនួន២៨គីឡូក្រាម។
ក្រោយពីកម្លាំងជំនាញរដ្ឋបាលព្រៃឈើ ត្រួតពិនិត្យរួចហើយ សាច់សត្វទាំងនោះ ត្រូវបានយកទៅដុតបំផ្លាញចោល ចំណែករថយន្ដខាងលើ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅស្ថានីយ៍បណ្ដុះកូនកាស្សា ដើម្បីចាត់ការតាមនិតិវិធីច្បាប់បន្ត៕