(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដាក់បញ្ជាដល់អាជ្ញាធរទូទាំងខេត្ត ត្រូវពង្រឹងការងារ សន្ដិសុខសណ្ដាប់ធ្នាប់ អនុវត្តបទបញ្ជា និងវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនានាក្នុងភូមិសាស្រ្ដខេត្ត ជាពិសេសកែលម្អសោភ័ណភាព និងអនាម័យតាមក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ការបញ្ជាបែបនេះ របស់លោក ញ៉ែម សំអឿន បានធ្វើឡើងក្នុងកិច្ចប្រជុំដើម្បីត្រួតពិនិត្យពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ការអនុវត្តច្បាប់និងលិខិតបទដ្ឋាននានា នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីលោក លោកស្រីជាអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ អភិបាលក្រុង ស្រុកទាំង៩ នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

នាឱកាសនោះដែរ លោកអភិបាលខេត្ត បានកោតសរសើរដល់គណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក ដែលបានខិតខំបំពេញការងារនាពេលកន្លងមកសម្រេចបានលទ្ធផលល្អប្រសើរ ពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងបានទប់ស្កាត់បានយ៉ាងល្អប្រសើរនូវអំពើឆក់ប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសនានា ពេលកន្លងមក និងត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារទាំងអស់នេះឱ្យបានកាន់តែល្អថែមទៀត។

លោកអភិបាលខេត្ត ក៏ណែនាំដល់គណៈបញ្ជាការក្រុង ស្រុកបន្ដណែនាំដល់ប្រជាពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន កុំលេងល្បែងស៊ីសង និងកុំប្រើប្រាស់គ្រឿងញៀនជាដើម ពិសេសត្រូវបន្ដការពារខ្លួនពីជំងឺកូវីដ១៩ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

បន្ថែមពីនេះ លោក ញ៉ែម សំអឿន បានក្រើនរំឮកដល់គណៈបញ្ជាការក្រុង ស្រុក ត្រូវបន្ដការថែរក្សា បរិស្ថាន និងសម្បត្តិធម្មជាតិឱ្យបានល្អ ដែលជាសក្ដានុពលទេសចរណ៍ នៅក្នុងខេត្តរបស់យើង ត្រូវថែរក្សា និងរៀបចំរមណីយដ្ឋានធម្មជាតិ មានបរិស្ថានស្អាតជានិច្ច និងសូមកុំឱ្យមានការកាប់បំផ្លាញ ព្រៃឈើ សម្បត្តិធម្មជាតិ ការឆក់ត្រី នេសាទខុសច្បាប់ បរបាញ់សត្វព្រៃខុសច្បាប់ជាដើម៕