(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារកាត់ឆ្វៀលដីព្រៃលិចទឹកតំបន់២ និងតំបន់៣ នៅភូមិសាស្រ្ដស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល ខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកអភិបាលស្រុក និងមេឃុំដែលពាក់ព័ន្ធ ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ការកាត់ឆ្វៀលដីព្រៃលិចទឹកតំបន់២ និងតំបន់៣នេះ គឺដើម្បីផ្តល់ជូនប្រជាពលរដ្ឋ ដែលបានរស់នៅជាក់ស្ដែងអាស្រ័យផលយូរឆ្នាំ តាមគោលការណ៍កំណត់ របស់រាជរដ្ឋាភិបាល មិនរាប់អ្នកទើបតែកាន់កាប់ត្រឹមតែ២ ឬ ៣ឆ្នាំនោះទេ ហើយការកាត់ឆ្វៀលដី ជូនប្រជាពលរដ្ឋនេះ គឺមិនថាប្រជាពលរដ្ឋ ឬមន្រ្ដីរាជការ ឬកងកម្លាំងប្រដាប់អាវុធណាក៏ដោយ ក៏អាចកាត់ឆ្វៀល ជូនពួកគាត់បានដែរ។ ប៉ុន្តែបើសិន ជាមានអ្នកមានអំណាចណាដែលទើបតែកាន់កាប់បានមួយរយៈពេលខ្លី ហើយទាមទារចង់បានដីតំបន់២ ឬតំបន់៣ ធ្វើជាកម្មសិទ្ធិរបស់ខ្លួននោះ គឺមិនអាចបានដាច់ខាត ហើយបើសិនជាមានការតវ៉ា ឬប្រើប្រាស់អំណាចរបស់ខ្លួន គំរាមកំហែងជេរប្រមាថមកមន្រ្ដីសាធារណៈ ដែលជាអ្នកអនុវត្តច្បាប់ នឹងត្រូវប្រឈមមុខនឹងនីតិវិធីនៃច្បាប់។

បន្ថែមពីនេះ លោកអភិបាលខេត្ដ បានធ្វើការក្រើនរំលឹកដល់ក្រុមការងារ អាជ្ញាធរ ត្រូវពន្លឿនធ្វើកិច្ចការនេះ ឲ្យបានឆាប់រហ័ស ទៅតាមអ្វីដែលអាចធ្វើបាន ដើម្បីទុកឱកាសដល់ប្រជាពលរដ្ឋបានធ្វើការដាំដុះដំណាំកសិកម្ម បានទាន់ពេលវេលា ដោយត្រូវប្រកាន់ជំហរច្បាស់លាស់ មានឯកសារត្រឹមត្រូវ និងប្រកបដោយសុក្រិតភាព ក្នុងន័យដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋផង និងដើម្បីផលប្រយោជន៍របស់រដ្ឋផងដែរ៕