(ពោធិ៍សាត់)៖ សិក្ខាកាមជានាយក នាយករង យុវជន និងអ្នកស្ម័គ្រចិត្ត ចំនួន៤០នាក់ មកពីសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពត និងខេត្តពោធិ៍សាត់ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ បានមកចូលវគ្គបណ្តុះបណ្តាលស្តីពីការទប់ស្កាត់កេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ និងឥរិយាបថវិជ្ជមានសង្គម លើកុមារមានពិការភាព។

សិក្ខាសាលានេះរៀបចំឡើងដោយកាកបាទក្រហមកម្ពុជា ក្រោមការគាំទ្រឧបត្ថម្ភដោយអង្គការសកម្មភាពប្រជាជន ដើម្បីការអភិវឌ្ឍន៍បរិយាបន្ន និងអង្គការអេផល(APLE) ក្នុងរយៈពេល២ថ្ងៃ នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់។

បន្ទាប់ពីលោកស្រី លុយ កូឡាប អ្នកសម្របសម្រួលកម្មវិធីយុវជន និងសុវត្ថិភាពចរាចរណ៍ កាកបាទក្រហមកម្ពុជា បានបង្ហាញអំពីគោលបំណងនៃវគ្គ និងមតិចូលរួមរបស់លោក សំលៀង សីលា នាយកប្រតិបត្តិអង្គការ អេផល ( APLE) នោះរួចមកលោក លី សុគន្ធី លេខាធិការ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានសម្តែងការស្វាគមន៍ប្រតិភូសាខាកាកបាទក្រហមកម្ពុជា ទាំង៧រាជធានី-ខេត្ត ដែលបានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការទប់ស្កាត់កេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ និងឥរិយាបថវិជ្ជមានសង្គមលើកុមារមានពិការភាព នៅក្នុងទឹកដី នៃខេត្តពោធិ៍សាត់។

លោកបានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចតែងតែផ្តល់អនុសាសន៍ណែនាំ និងតម្រង់ទិសជាប្រចាំក្នុងការពង្រឹងការងារសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធនានា ក្នុងន័យរួមទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទមកលើកុមារ តាមប្រព័ន្ធអនឡាញ និងតាមគ្រប់រូបភាព។ កត្តាទាំងនេះបានបង្កើនឱកាសឱ្យកុមារបានចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍សង្គម និងចូលរួមអនុវត្តយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា គ្មានអ្នកស្លាប់ របួស និងពិការដោយគ្រោះថ្នាក់ចរាចរណ៍ គ្មានការរំលោភបំពាន និងគ្មានការភ័យខ្លាច។

លោក លី សុគន្ធី សង្ឃឹមថា សិក្ខាកាមទាំង៧រាជធានី-ខេត្ត ដែលបានសិក្សារៀនសូត្រ ក្នុងវគ្គបណ្តុះបណ្តាលនេះនឹងយកចំណេះដឹងទៅផ្សព្វផ្សាយបន្តដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋតាមសហគមន៍ សាលារៀន ដើម្បីចូលរួមការពារ និងទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទ តាមប្រព័ន្ធអនឡាញគ្រប់រូបភាព និងសូមថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា អង្គការដៃគូរ ដែលបានជ្រើសរើស នឹងគាំទ្រឱ្យមានគម្រោងដាក់បញ្ចូលពិការភាព ក្នុងការងារសុវត្ថិភាពចរាចរណ៍ និងបានសំណូមពរដល់អង្គការសកម្មភាពប្រជាជន ដើម្បីការអភិវឌ្ឍន៍បរិយាបន្ន និងអង្គការអេផល (APLE) សូមជួយគាំទ្រការងារនេះបន្តទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ និងទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ មកលើកុមារមានពិការភាព។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលដែលមានរយៈពេល២ថ្ងៃនេះ បានធ្វើបទបង្ហាញដោយវាគ្មិន មកពីមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត, អំពីបទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ពន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព និងលោកនាយកប្រតិបត្តិអង្គការអេផល (APLE) បង្ហាញអំពីការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ ដំណោះស្រាយ និងធ្វើការពិភាក្សាជាក្រុមផងដែរ៕