(ក្រចេះ)៖ លោកស្រី ហឹង ណារីវ៉ាថន នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមយុវជន ស.ស.យ.ក ខេត្តក្រចេះ ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ក៏ដូចជាថវិកាមួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋ ចាស់ជរា ដែលមានជីវភាពខ្វះខាតចំនួន១៥គ្រួសារ នៅក្រុងក្រចេះ និងស្រុកឆ្លូង ខេត្តក្រចេះ។
ប្រជាពលរដ្ឋទាំង១៥ គ្រួសារនោះ មាន ១០ គ្រួសារជាជនជាតិឥស្លាម រស់នៅភូមិល្វាធំ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង និង ០៥ គ្រួសារទៀតរស់នៅក្នុងភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ហើយអំណោយដែលផ្តល់ជូននេះរួមមាន៖ អង្ករ ២៥ គីឡូក្រាម, មី ០១កេសតូច, ត្រីខ ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, ទឹកត្រី ០១យួរ រួមនិងថវិកាចំនួន ៥ម៉ឺនរៀល។
លោកស្រី ហឹង ណារី វ៉ាថន បានគូសបញ្ជាក់ថា ដោយមើលឃើញពីស្ថានភាពជួបការលំបាកជាក់ស្តែងពីភាពខ្វះខាត និងតម្រូវការចាំបាច់ផ្គត់ផ្គង់ប្រចាំថ្ងៃ អាជ្ញាធរដែនដីដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរា ជនពិការ ស្ត្រីមេមាយ កុមារកំព្រា ឬជនងាយរងគ្រោះដោយប្រការផ្សេងៗដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
បន្ថែមពីនេះទៀត លោកស្រី បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពីបញ្ហាការថែទាំសុខភាព ដោយបរិភោគទឹកស្អាត សម្រាកក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះ ចៀសវាងការកើតមាននូវជំងឺផ្សេងៗ ។ ម្យ៉ាងទៀត ត្រូវខិតខំចិញ្ចឹមសត្វ និងបង្កើនការដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាលើកស្ទួយកម្រិតជីវភាពរស់ នៅឲ្យមានលក្ខណៈសមរម្យ និងកាត់បន្ថយការចំណាយប្រាក់ប្រចាំថ្ងៃ និងសូមប្រើប្រាស់ស្បៀងឲ្យចំគោលដៅ ត្រូវអប់រំកូនឲ្យចៀសឆ្ងាយពីគ្រឿងញៀន ពេលបើកបរត្រូវពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវាត់ដើម្បីចៀសវាង គ្រោះថ្នាក់ចរាចរណ៍ និងបន្តចូលរួមទប់ស្កាត់នូវជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕