(តាកែវ)៖ សមាជិកក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី មា្នក់ត្រូវបានកម្លាំងនគរបាលរបស់អធិការដ្ឋានស្រុកអង្គបុរី ធ្វើការឃាត់ខ្លូន នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ បន្ទាប់ពីសមាជិករូបនោះ ដើរប្រមូលស្នាមផ្ដឹតមេដៃប្រជាពលរដ្ឋ ដើម្បីដាក់ជូនថ្នាក់ដឹកនាំរបស់ពួកគេ។
លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវបានបញ្ជាក់ថា សមត្ថកិច្ចមិនបានចាប់ខ្លួនជំទប់ទី២គណបក្សសម រង្ស៊ី នោះទេ គឺសមត្ថកិច្ចគ្រាន់ តែអញ្ជើញមន្រ្តីរូបនេះមកសាកសួរ និងបំភ្លឺពាក់ព័ន្ធទៅនឹងការដើរសុំស្នាមមេដៃ របស់ប្រជាពលរដ្ឋថាយកទៅធ្វើអ្វីតែប៉ុណ្ណោះ។
លោក ម៉ៅ សុផល ប្រធានគណបក្សសង្រ្គោះជាតិ ប្រចាំខេត្តតាកែវបានឲ្យដឹងថា សមាជិកគណបក្សរូបនេះ ឈ្មោះ ខែង សំអាត ជាជំទប់ទី២ឃុំគោកធ្លក ស្រុកអង្គបុរី។
លោកបានបន្ដថា សមាជិកគណបក្ស សម រង្ស៊ី នេះដើរប្រមូលស្នាមផ្ដឹតមេដៃ ក្នុងគោលបំណងស្នើរទៅព្រះមហាក្សត្រ ឲ្យដោះលែងជនជាប់ចោទជាមន្រ្តីសង្គមស៊ីវិល និងអ្នកតំណាងរាស្រ្ត ដែលកំពុងតែជាប់ឃុំនៅពន្ធនាគារព្រៃស។
បច្ចប្បន្នសមាជិកគណបក្ស សម រង្ស៊ី ត្រូវបានបញ្ជូនខ្លូនទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តតាកែវ ដើម្បីសួរនាំបន្ដ៕