(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញមកច្រានចោលព័ត៌មានមិនពិតថា ស្ដ្រីមានផ្ទៃពោះ៨ខែម្នាក់ នៅខេត្ដសៀមរាប កើតជំងឺអុតស្វា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្រសួងសុខាភិបាលបានរៀបរាបថា ស្ដ្រីរូបនោះមានរោគសញ្ញាស្រដៀងនឹងជំងឺអុតស្វា ដោយមានចេញពងបែកនៅលើទ្រូង និងដៃ ហើយត្រូវបានក្រុមគ្រួសារនាំយកមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។ ក្រុមគ្រូពេទ្យបានយកវត្ថុសំណាករបស់អ្នកជំងឺទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ ដោយលទ្ធផលបញ្ជាក់ថា «អវិជ្ជមានជំងឺអុតស្វា»

បើតាមក្រសួងសុខាភិបាល, បច្ចុប្បន្នស្ដ្រីវ័យ២៣ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប គាត់មានស្ថានភាពវិវត្តន៍ទៅរក ការធូរស្រាលជាបណ្ដើរៗ ក្រោមការជួយពិនិត្យតាមដាន និងព្យាបាលជំងឺនេះជូនគាត់ ដោយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តសៀមរាប៕