(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ រួមជាមួយនឹងថ្នាក់ដឹកនាំនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននាំយកថវិកាធានារ៉ាប់រងសង្គមចំនួន៦៥លានរៀល ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនពលីចំនួន៧គ្រួសាររស់នៅក្នុងក្រុងស្ទឹងសែន ដែលពិធីនេះប្រព្រឹត្តទៅនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោក ផាន់ គីម នាយករងនាយកដ្ឋានបេឡាជាតិអតីតយុទ្ធជន និងលោកស្រី កែវ ចន្ធូ ប្រធានការិយាល័យបេឡាជាតិអតីតយុទ្ធជនខេត្តកំពង់ធំ បានជម្រាបជូនក្រុមគ្រួសារសពអតីតយុទ្ធជនអំពីរបបថវិកាធានារ៉ាប់រងសង្គម ដែលគ្រួសារនីមួយៗត្រូវទទួលបានទៅតាមឋានន្តរសក្តិ និងអតីតភាពការងាររបស់សពអតីតយុទ្ធជននីមួយៗ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិតរបស់អតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិ និងប្រជាជន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ចាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីដោះស្រាយរាល់ការលំបាករបស់អតីតយុទ្ធជន មានដូចជាការបែងចែកដីធ្លីការសាងសង់ផ្ទះសម្បែងជូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ និងការផ្ដល់នៅប័ណ្ណបេឡាជាតិសន្តិសុខ សង្គមជូនអតីតយុទ្ធជនសម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា ថវិកាធានារ៉ាប់រងសង្គមដែលត្រូវប្រគល់ជូនគ្រួសារសពអតីតយុទ្ធជននៅថ្ងៃនេះ គឺដោយសារការផ្ដួចផ្ដើមឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីសម្រួលដល់ជីវភាពរស់នៅ និងជាដើមទុនក្នុងការប្រកបមុខរបររកទទួលទានរបស់គ្រួសារសពអតីតយុទ្ធជនដូច្នេះសំណូមពរដល់ក្រុម គ្រួសារសពអតីតយុទ្ធជនខិតខំប្រកបមុខរបររកទទួលទានចិញ្ចឹមជីវិតដោយសុច្ចរិតទៀងត្រង់ និងស្របតាមច្បាប់។

ក្រុមគ្រួសារសពអតីតយុទ្ធជនទាំងអស់បានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានបង្កើតឲ្យមានសមាគមអតីតយុទ្ធជនកម្ពុជា នៅគ្រប់លំដាប់ថ្នាក់ដើម្បីមើលថែទាំពីសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន៕