(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារអនុវត្តកន្លងមក និងពង្រឹងវិន័យ របៀបរបបការងារនៅតាមការិយាល័យ អង្គភាព និងវរសេនាតូច ចំណុះនាយដ្ឋាន។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ដោយមានការចូលរួមពី អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ ប្រធានអង្គភាព (ស្ដីទី) និងមេបញ្ជាការ-មេបញ្ជាការ (ស្ដីទី) វរសេនាតូចនគរបាលការពារព្រំដែនទឹកទាំងអស់។

បន្ទាប់ពីស្ដាប់នូវសេចក្ដីរាយការណ៍រួចមក លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ក៏បានវាយតម្លៃខ្ពស់អំពីសមិទ្ធផលដែលអង្គភាពចំណុះនាយកដ្ឋានសម្រេចបាននាពេលកន្លងមក សំដៅចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់នៅលើផ្ទៃទឹកក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ក៏បានក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួន តាមអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូនប្រកបដោយប្រសិទ្ធភាពខ្ពស់។ លើសពីនេះត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវវិន័យកងកម្លាំង និងសេចក្ដីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ៕