(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែឧសភាឆ្នាំ២០១៦ ស្អែកនេះ រដ្ឋសភាកម្ពុជា នឹងបើកអង្គប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍របស់ខ្លួន ដោយមានរបៀបវារៈចំនួន៣ នឹងលើកយកមកពិនិត្យ និងអនុម័ត។ នេះបើតាមការបញ្ជាក់របស់ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា។
លោក ឡេង ប៉េងឡុង បានឱ្យដឹងថា របៀបវារៈ ចំនួន៣នោះរួមមាន ទី១. ពិភាក្សា និងពិនិត្យលើ សេចក្ដីព្រាងច្បាប់ចំនួន២ដែលនឹងធ្វើ ការអនុម័ត ក្នុងសម័យប្រជុំពេញអង្គ នាពេលខាងមុខ គឺច្បាប់ស្ដីពី យុត្តិធម៌អនីតិជន និង ច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសហុងគ្រី ក្នុងការជម្រុញ និងការពារគ្នាទៅវិញទៅមកក្នុងវិស័យវិនិយោគ។ របៀបវារៈទី២. ពិនិត្យ និងអនុម័តលើរបាយការណ៍របស់អគ្គលេខាធិការ ដែលរាយកាណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ស្ដីពីការ បោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ចំនួន១រូប ដោយមានបេក្ខជនឈរឈ្មោះ ចំនួន៦រូប និងរបៀបវារៈទី៣. អនុម័តជ្រើសរើស កាលបរិច្ឆេទសម័យប្រជុំពេញអង្គរដ្ឋសភា ក្នុងពេលខាងមុខ»។
កិច្ចប្រជុំខាងលើ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងអនុប្រធានទី១ អនុប្រធានទី២ នៃរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ទាំង១០។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា បានប្រកាសលទ្ធផលជា ផ្លូវការថា អង្គប្រជុំបានអនុម័តយល់ព្រមលើសំណើជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ចំនួន១រូប ជំនួសសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលបានសុំលាលែងពីតំណែង និងបានអនុម័តយល់ព្រមប្រគល់សេចក្តីព្រាងច្បាប់ស្តីពី យុត្តិធម៌អនីតិជន ផងដែរ៕