(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យអ្នកទោស (ឬទណ្ឌិត) ចំនួន ១៧នាក់ រស់នៅក្រៅពន្ធនាគារដោយភ្ជាប់លក្ខខណ្ឌ។ នេះគឺជាការអនុវត្តជាលើកដំបូង តាមស្មារតីនៃប្រកាសស្តីពី បែបបទនៃការឃ្លាំមើលតាមដាន ការត្រួតពិនិត្យ និងការបញ្ចូលទៅក្នុងសង្គមវិញ នៃទណ្ឌិតដែលត្រូវបានដោះលែងដោយមានលក្ខខណ្ឌ របស់ក្រសួងយុត្តិធម៌ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ លោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យ អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ពេលនេះ ទណ្ឌិតដែលត្រូវបានដាក់ឲ្យនៅក្រៅឃុំដោយមានលក្ខខណ្ឌមាន ១៧រូប»

បើតាមលោក នុត សវនា, នេះគឺជាការអនុវត្តលើកដំបូង ដោយមិនមានលក្ខណៈទូលំទូលាយឡើយ ដោយសារតែទីមួយ អាជ្ញាធរមូលដ្ឋានមិនទាន់យល់ច្បាស់ពីនីតិវិធី និងទីពីរ កម្ពុជាមិនទាន់ធនធាន ឬលទ្ធភាពគ្រប់គ្រាន់ ក្នុងការតាមដានការស្តារនីតិសម្បទាក្នុងសហគមន៍នោះទេ។ បច្ចុប្បន្នកម្ពុជាមានអ្នកជាប់ឃុំជិត ៤ម៉ឺននាក់។

សូមជម្រាបថា ការអនុញ្ញាតឲ្យអ្នកទោស រស់នៅក្រៅពន្ធនាគារដោយភ្ជាប់លក្ខខណ្ឌ គឺជាផ្នែកមួយនៃកិច្ចខិតខំដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ។ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ក្នុងការដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ក្នុងនោះសម្ដេចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមគាំទ្រចំពោះការអនុវត្តវិធានការណ៍ដោះលែងអ្នកជាប់ឃុំមួយចំនួន ឱ្យនៅក្រៅឃុំដោយមានលក្ខខណ្ឌ និងការអនុវត្តទោសសហគមន៍។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ស្ថិតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល សម្ដេចក្រឡាហោម បានបន្តថា ការងារនេះកំពុងអនុវត្តសាកល្បង ហើយប្រសិនបើអនុវត្តបានជោគជ័យ ក្រសួងនឹងពង្រីកការងារនេះទៀត ដោយមានកិច្ចសហការជាមួយក្រសួងយុត្តិធម៌។

សូមជម្រាបថា ការដោះលែងដោយមានលក្ខខណ្ឌ គឺជានីតិវិធីពិសេសមួយដែល មានកំណត់នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា ក្នុងមាត្រា៥១២ ដល់មាត្រា ៥២២, ច្បាប់ស្តីពីពន្ធនាគារ និងប្រកាសស្តីពីបែបបទនៃការឃ្លាំមើលតាមដាន ការត្រួតពិនិត្យ និងការបញ្ចូលទៅក្នុងសង្គមវិញ នៃទណ្ឌិតដែលត្រូវបានដោះលែងដោយមានលក្ខខណ្ឌ។ នីតិវិធីនេះ ត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលដល់ទណ្ឌិតណា ដែលបានដឹងពីទោសកំហុសរបស់ខ្លួន ហើយមានឆន្ទៈកែប្រែខ្លួនឡើងវិញ ដោយបានអនុវត្ដទោសនៅក្នុងពន្ធនាគារបានមួយរយៈរួចហើយ តាមលក្ខខណ្ឌនៃច្បាប់កំណត់ ឱ្យពួកគាត់បានជួបជុំគ្រួសារ ប្រកបមុខរបរ និងមានសិទ្ធិសេរីភាពអាចចូលរួមក្នុងសង្គមឡើងវិញបាន។

បើយោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ បានឲ្យដឹងថា ទណ្ឌិតអាចត្រូវបានដោះលែងឱ្យមានសេរីភាពមុនកាលកំណត់នៃការអនុវត្ដទោស ដោយត្រូវគោរពនូវលក្ខខណ្ឌ ០២ ដូចខាងក្រោម៖

១៖ លក្ខខណ្ឌទាក់ទងនឹងកិរិយាមារយាទ៖ ទណ្ឌិតត្រូវបង្ហាញឱ្យឃើញថា ខ្លួនមានគំនិតមារយាទល្អក្នុងរយៈពេលជាប់ឃុំ និងមានសម្បទាដែលអាចបញ្ជូនខ្លួនទៅក្នុងសង្គមវិញបាន។ មានន័យថា ទណ្ឌិតត្រូវធ្វើសកម្មភាពផ្សេងៗជាអាទិ៍ ការរាងចាល ការដឹងកំហុស ការសម្ដែងឆន្ទៈសោកស្ដាយចំពោះអំពើរបស់ខ្លួន ជាដើមដែលឱ្យគេមើលឃើញថាខ្លួនពិតជាមានឆន្ទៈ និងលក្ខណៈគ្រប់គ្រាន់អាចចេញពីពន្ធនាគារដោយការដឹងកំហុស ចេះកែប្រែខ្លួនឡើងវិញ។

២៖ លក្ខខណ្ឌទាក់ទងនឹងថិរវេលានៃទោសដែលត្រូវបានទទួលរួចរាល់ហើយ៖ ការដោះលែងដោយមានលក្ខខណ្ឌ អាចត្រូវផ្ដល់ឱ្យដល់ទណ្ឌិត ដែលបានទទួលរងទោសដាក់ពន្ធនាគារបានត្រឹមកម្រិតមួយចំនួនដូចជា៖
* ក. ចំនួនពាក់កណ្ដាលនៃទោសប្រសិនបើទោសនោះតិចជាង ឬស្មើ ១ឆ្នាំ
* ខ. ចំនួនពីរភាគបី នៃទោសក្នុងករណីផ្សេងទៀត
* គ.ទណ្ឌិតដែលត្រូវជាប់ពន្ធនាគារអស់មួយជីវិត អាចទទួលការដោះលែងដោយមានលក្ខខណ្ឌ ប្រសិនបើទណ្ឌិតនោះទទួលទោសជាប់ពន្ធនាគារយ៉ាងតិចបំផុត២០ (ម្ភៃ) ឆ្នាំរួចមកហើយ៕