(ព្រះសីហនុ)៖ អគារក្លឹបកម្សាន្ដដែលគេទុកចោលមួយកន្លែង ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានអគ្គិភ័យឆាបឆេះនៅយប់ឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញជួយអន្ដរាគមន៍បាញ់ទឹកពន្លត់។
លោក អ៊ុក ពិសិដ្ឋ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងកងរាជអាវុធហត្ថ សហការជាមួយកម្លាំងនគរបាល និងក្រុមពន្លត់អគ្គីភ័យកំពង់ផែស្វយ័តក្រុងព្រះសីហនុ អន្តរាគមន៍ ជួយសង្គ្រោះបាញ់ទឹកពន្លត់ ទាន់ពេលវេលា និងគ្រប់គ្រងសភាពការណ៍បាន មិនរាលដាលឆេះដល់អគារ និងផ្ទះផ្សេងទៀតដែនៅក្បែរនោះឡើយ។
ប្រត្តិបត្តិការខាងលើសមត្ថកិច្ចប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យ ចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១០ឡាន ក្នុងនោះ រថយន្តពន្លត់អគ្គីភ័យកងរាជអាវុធហត្ថ ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣ឡាន, រថយន្តពន្លត់អគ្គីភ័យរបស់នគរបាល ២គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន៥ឡាន និងរថយន្តពន្លត់អគ្គីភ័យកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន។
ដោយឡែកមូលហេតុបង្កនៃការឆេះ នៅមិនទាន់ដឹង ដោយសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកមូលហេតុ និងបន្តរាយការណ៍បន្ថែមទៀតនៅពេលក្រោយ៕