(សៀមរាប)៖ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា ផលប៉ះពាល់នេះភាពក្រីក្របានគ្របដណ្តប់នៅទូទាំងសាកលលោក ដែលជាសញ្ញាមិនល្អសម្រាប់សុខុមាលភាព និងសុវត្ថិភាពរបស់មនុស្សដែលជាប្រជាជននៃប្រទេសនីមួយៗ រួមទាំងក្រុមជនទុច្ចរិតឆ្លៀតឱកាសប្រព្រឹត្តអំពើជួញដូរមនុស្សអំពើធ្វើអាជីវកម្មលើមនុស្ស ដើម្បីកេងចំណេញពីស្ថានភាពប្រឈមរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិក្នុងគ្រាជួបការលំបាកនេះ។

ការថ្លែងបែបនេះ របស់លោក ញ៉ឹក វណ្ណារ៉ា បានធ្វើឡើងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ការគ្រប់គ្រងករណីក្នុងការវិលត្រលប់ និងការធ្វើសមាហរណកម្មសម្រាប់ថ្នាក់ខេត្ត និងអ្នកពាក់ព័ន្ធ» នៅខេត្តសៀមរាប ដោយមានការចូលរួមពីលោក គង់ សូភណារ៉ា ទីប្រឹក្សាក្រសួង ស.អ.យ, លោក ពុំ បូរ៉ាត ទីប្រឹក្សាក្រសួង ស.អ.យ, លោក ប៉ិច ពន្លក ទីព្រឹក្សាក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិម្បទា, លោក ឯក សំអុល មន្ត្រីគម្រោងថ្នាក់ជាតិ នៃអង្គការ IOM ប្រចាំប្រទេសកម្ពុជា, លោកវរសេនីយ៍ទោ ម៉ី វឌ្ឍនា តំណាងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃអគ្គស្នងការនគរបាលជាតិ និងលោក ងួន រតនា អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ។

តំណាងលោករដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ញ៉ឹក វណ្ណារ៉ា បានរំឮកថានៅឆ្នាំ២០២០ និង២០២១ ពិភពលោកប្រឈមខ្លាំងទៅនឹងការដោះស្រាយបញ្ហាជាច្រើនដែលជាផលប៉ះពាល់សកល មានទាំងសង្គ្រាម សេដ្ឋកិច្ចរបស់មហាអំណាចពិភពលោកទាំងការរាតត្បាតជងឺដ៏កាចសាហាវកូវីដ១៩ គ្រោះធម្មជាតិ ដែលសុទ្ធតែជាកត្តាជំរុញឱ្យសេដ្ឋកិច្ចពិភពលោកកាន់តែដុនដាប រួមទាំងសេដ្ឋកិច្ចមហាអំណាចខ្លួនឯងផង។

«យើងពិតជាបានខំប្រឹងជម្នះឧបសគ្គទាំងឡាយដោយបានធ្វើការងារយ៉ាងសកម្មភាពព្រមៗគ្នា ដើម្បីដោះស្រាយភាពប្រឈមតាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលសកម្មភាពខ្លះត្រូវមានការខ្វះចន្លោះឆកល្វែង ឬមើលរំលងដោយផ្អែកទៅលើការតម្រង់ទិសទៅលើអាទិភាពនៃបញ្ហាថ្មី និងការកាត់បន្ថយចំណាយទៅលើសកម្មភាពដែលមិនចាំបាច់»។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោក ញ៉ឹក វណ្ណារ៉ា។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា តែទោះបីជាយ៉ាងនេះក្តីបញ្ហាសន្តិសុខមនុស្ស សន្តិសុខសង្គម មិនអាចបណ្តែតបណ្តោយឱ្យក្លាយជាភាពច្របូកច្របល់ដោយផ្តេកផ្តួលទៅលើធនធានថវិកាបានទេ ពោលគឺត្រូវបង្កើនការយកចិត្តទុកដាក់ប្រកបដោយឆន្ទៈមោះមុត ដើម្បីរក្សាស្ថេរភាពនៃសុវត្ថិភាពសង្គម និងពង្រឹងកិច្ចការពារ ទប់ស្កាត់ការឆ្លៀតឱកាសគ្រប់រូបភាព។ ទោះបីក្រសួងសម្រេចបានសមិទ្ធផលជាច្រើនយ៉ាងណាក៏ដោយក៏កិច្ចការពារ និងការផ្តល់សេវាដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្សនៅមិនទាន់ឆ្លើយតបបានទាំងស្រុងនៅឡើយទេ ជាពិសេសការផ្តល់សេវាគាំទ្រសម្រាប់ជនរងគ្រោះនៅមានកម្រិត។

វគ្គបណ្តុះបណ្តាលស្ដីពី ការគ្រប់គ្រងករណីក្នុងការវិលត្រលប់ និងសមាហរណកម្មសម្រាប់ថ្នាក់ខេត្ត និងអ្នកពាក់ព័ន្ធដែលមានរយៈ ពេលបីថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់មន្ត្រីអនុវត្តច្បាប់ ជាពិសេសដល់មន្ត្រីជួរមុខចំនួន៣០រូប រួមមាន៖ មន្ត្រីមន្ទីរសង្គមកិច្ចខេត្ត មន្រ្តីកិច្ចការនារី មន្រ្តីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្រ្តីមជ្ឈមណ្ឌលការងារខេត្ត មន្ត្រី គ.ក.ន.ក មន្រ្តីសង្គមកិច្ចការិយាល័យថ្នាក់ស្រុក និងអង្គការដែលធ្វើការពាក់ព័ន្ធ នឹងការងារជួយជនរងគ្រោះដោយអំពើជួញដូរមនុស្សក្នុងការវិលត្រឡប់ និងសមាហរណកម្ម។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីបម្រើឧត្តមប្រយោជន៍ជនរងគ្រោះ។

ដើម្បីរួមចំណែកដល់ការវិលត្រឡប់ប្រកបដោយនិរន្តរភាពនៃពលករទេសន្តរប្រវេសន៍ និងអ្នករស់រានមានជីវិតនៅក្នុងតំបន់គោលដៅ សូមលើកទឹកចិត្តស្នើដល់លោក លោកស្រីទាំងអស់គ្នារួមចំណែកយ៉ាងសកម្មក្នុងការសិក្សា និងចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្ទាល់ខ្លួនកន្លងមក អំពីការគ្រប់គ្រងករណីក្នុងការវិលត្រលប់ និងការធ្វើសមាហរណកម្មសំដៅធានាបានការវិលត្រលប់ប្រកបដោយសុវត្ថិភាព និងនិរន្តរភាពសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជាទូទាំងប្រទេស។

បន្ថែមពីនេះ លោកសង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី នឹងចូលរួមសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាអង្គការ IOM ក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលនេះប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ និងបន្ទាប់ពីវគ្គបណ្ដុះបណ្ដាលនេះ លោក លោកស្រីនឹងត្រូវខិតខំធ្វើយ៉ាងណាដើម្បីគ្រប់គ្រងករណីក្នុងការវិលត្រលប់ និងការធ្វើសមាហរណកម្មជនរង គ្រោះប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាពទៅក្នុងក្រុមគ្រួសារ និងសហគមន៍ដើម្បីទទួលបានសេវាសមស្រប និងទទួលបាននូវសេចក្តីថ្លៃថ្នូរ សុខុមាលភាព និងសិទ្ធិរបស់ពួកគាត់៕