(បាត់ដំបង)៖ វរសេនីយ៍ឯក ជួប មេត្តា មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៥៣ ទទួលបន្ទុកការងារអប់រំចិត្តសាស្ត្រកងពល នៅថ្ងៃទី២៦ ខែកក្តដាឆ្នាំ២០២២ បានថ្លែងក្នុងពិធីផ្សព្វផ្សាយផែនការណែនាំការងារចាត់តាំង អនុវត្តការងារអប់រំចិត្តសាស្ត្រ នៅវរសេនាតូចថ្មើរជើងលេខ៥៣៣ ថា ការងារអប់រំចិត្តសាស្ត្រមានសារៈសំខាន់ណាស់ គឺធ្វើឲ្យនាយទាហាន នាយទាហានរង និងពលទាហាន មានសមត្ថភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត ក្នុងការដឹកនាំអង្គភាពរបស់ខ្លួនឱ្យកាន់តែរីកចម្រើន និងស័ក្តិសមជាកម្លាំងឆ្អឹងខ្នង របស់ប្រទេសជាតិ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមត្ថភាពការពារជាតិ។

លោកបន្តថា ដូច្នេះយើងត្រូវផ្សព្វផ្សាយអប់រំឲ្យបានទូលំទូលាយដល់យោធិន ដោយការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព។ ប្រសិនបើយោធិនទាំងអស់មានចំណេះដឹងទូទៅកាន់ច្រើន នឹងមិនងាយចាញ់ការឃោសនាពួកអគតិបានឡើយ

លោកមេបញ្ជាការរងកងពលក៏បានបញ្ជាក់ផងដែរថា ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការការពារជាតិ ការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម យោធិនត្រូវតែប្រកាន់ខ្ជាប់គោលជំហរស្មោះត្រង់នឹងរាជរដ្ឋាភិបាល ហើយទប់ស្កាត់ឲ្យបានចលនាបដិវត្តន៍ពណ៌ និងសង្គ្រាមចិត្តសាស្ត្រ៕