(ភ្នំពេញ)៖ សៀវភៅ «អាថ៌កំបាំងក្រៅឆាករបស់មេដឹកនាំអាស៊ាន និងពិភពលោក» កម្រាស់ជាង២០០ទំព័រដែលទើបចរាចរនៅប៉ុន្មានថ្ងៃនេះ កំពុងកក្រើកទីផ្សារនៅកម្ពុជាដោយមានការគាំទ្រយ៉ាងច្រើនពីមិត្តអ្នកអាន។

តែក្នុងរយៈពេល៤ថ្ងៃ សៀវភៅចំនួនជាង២០០០ក្បាលត្រូវបានលក់អស់ដែលតម្រូវឱ្យមានការបោះពុម្ពជាបន្ទាន់ និងបន្តទៀតដើម្បីឆ្លើយតបទៅនឹងទីផ្សារដែលកំពុងមានតម្រូវការខ្ពស់។

សៀវភៅ «អាថ៌កំបាំងក្រៅឆាក» ជាស្នាដៃនិពន្ធថ្មីរបស់លោក ពុយ គា អ្នកសារព័ត៌មានជើងចាស់មួយរូបរបស់កម្ពុជាដែលបានចំណាយពេលអស់១០ឆ្នាំ ទម្រាំអាចប្រសូត្រចេញជាសៀវភៅមួយក្បាលនេះឡើង។

សៀវភៅនេះមានលក្ខណៈពិសេស ខុសប្លែកពីសៀវភៅដែលបានបោះពុម្ភផ្សាយនាពេលកន្លងមកនៅក្នុងប្រទេសកម្ពុជា។ ចំណុចដែលប្លែកនោះគឺត្រូវបានមហាជនចាប់អារម្មណ៍លើចំណងជើង និងក្របសៀវភៅដែលបង្កប់នូវអត្ថន័យអ្វីមួយរហូតដល់អ្នកអានបានបើកមើល ឬបានអានរួចទើបដឹងថាមានអ្វីនៅខាងក្នុង។

សៀវភៅនេះពិតជាពោរពេញដោយអាថ៌កំបាំងច្រើនស្ទើររាប់មិនអស់ដែលពុំធ្លាប់មានគេតំណាល ឬចែកចាយពីមុនមក។ អ្នកដែលអានសៀវភៅ «អាថ៌កំបាំងក្រៅឆាក» ពិតជាទទួលបានចំណេះដឹងបន្ថែមច្រើន និងទទួលបានភាពរីករាយរហូតដល់លួចញញឹម ឬសើចបន្ទាប់ពីអានដល់វគ្គខ្លះនៃសៀវភៅ។

ឆ្លើយតបនឹងសារព័ត៌មាន ហ្រ្វេសញូវ លោក ពុយ គា បានថ្លែងថា លោកពុំទាន់បានធ្វើពិធីសម្ភោធសៀវភៅនៅឡើយទេ លោកគ្រាន់តែប្រកាសលក់ជាបឋមតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោកតែប៉ុណ្ណោះ។

លោកអ្នកអាចរកទិញសៀវភៅខាងលើនេះបាននៅតាមស្តង់កាសែតនិងតាមបណ្ណាគារ ឬតាមរយៈទូរសព្ទនិងតេឡេក្រាមលេខ៖ ០៨១ ២៩៩ ៥៩៨