(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បានរៀបចំពិធីតម្រង់ទិសជូនមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាចំនួន១១រូប ដែលជាប់អាហារូបករណ៍ចេញទៅសិក្សារថ្នាក់អនុបណ្ឌិត នៅប្រទេសកូរ៉េខាងត្បូងសម្រាប់ឆ្នាំសិក្សា ២០២២-២០២៤ ។

ពិធីតម្រង់ទិសមុនពេលចេញដំណើរនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានរបស់លោក នោ ហ្យន់ជូន (Rho Hyun-Jun), ប្រធានតំណាងទីភ្នាក់ងារ KOICA ប្រចាំនៅប្រទេសកម្ពុជា និងលោក អ៉ឹម សួរ អគ្គលេខាធិការរង គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក- CRDB/CDC) និងប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (ស អ ក ក-CAMKAA)។

ដោយមានបេសកកម្មគាំទ្រការអភិវឌ្ឍធនធានមនុស្ស (HRD) ជាមួយប្រទេសជាដៃគូ ទីភ្នាក់ងារ KOICA បានអញ្ជើញមន្ត្រីរាជការកម្ពុជា ដែលមានទេពកោសល្យ និងជួយអភិវឌ្ឍពួកគេលើជំនាញវិជ្ជាជីវៈ និងចំណេះដឹង ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា។

កម្មវិធីអាហារូបករណ៍កយកា គឺជាកម្មវិធីដែទទួលបានមូលនិធិយ៉ាងពេញលេញ ដែលគាំទ្រដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ទៅកាន់ប្រទេសជាដៃគូ។ កម្មវិធីអាហារូបករណ៍នេះ បានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ ហើយមានគោលបំណងចែករំលែកបទពិសោធន៍ពីការអភិវឌ្ឍន៍របស់កូរ៉េ ដល់ប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកដល់តម្រូវការអភិវឌ្ឍ សម្រាប់រយៈពេលវែងរបស់ប្រទេសកម្ពុជា។

ដើម្បីសម្រេចបាននូវបេសកកម្មនេះ ទីភ្នាក់ងារ KOICA បានចាប់ផ្តើមប្រតិបត្តិការអាហារូបករណ៍កម្រិតអនុបណ្ឌិត ជាមួយសាកលវិទ្យាល័យល្បីៗ នៅប្រទេសកូរ៉េ ចំនួន២០ នៅក្នុងវិស័យកសិកម្ម វិស័យអភិវឌ្ឍជនបទ វិស័យអប់រំ វិស័យអភិបាលកិច្ច វិស័យបច្ចេកវិទ្យា និង វិស័យបរិស្ថាននិងថាមពល។ សម្រាប់ឆ្នាំ២០២១នេះ មានមន្ត្រីឆ្នើមចំនួន១១រូប បានទទួលអាហារូបករណ៍ថ្នាក់អនុបណ្ឌិត ជាមួយសាកលវិទ្យាល័យល្បីៗ ចំនួន៨ នៅប្រទេសកូរ៉េ។

នៅក្នុងពិធីនេះ ការិយាល័យកយកាប្រចាំកម្ពុជា បានធ្វើបទបង្ហាញអំពីវគ្គសិក្សាថ្នាក់អនុបណ្ឌិតដោយសង្ខេប និងផ្តល់ឲ្យមន្ត្រីអាហារូបករណ៍នូវការតម្រង់ទិសជាមូលដ្ឋាន មានដូចជា៖ ទី១) គោលការណ៍ណែនាំអាហារូបករណ៍ KOICA ទី២) ព័ត៌មានជំនួយសម្រាប់ការរស់នៅប្រទេសកូរ៉េ ទី៣) ព័ត៌មានអំពីសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (សអកក-CAMKAA) និងទី៤) ក្រមសីលធម៌ស្តីពីសុចរិតភាព និងការយាយីផ្លូវភេទ។

មន្ត្រីអាហារូបករណ៍ដែលត្រូវបានជ្រើសរើសឱ្យជាប់អាហារូបករណ៍ បានថ្លែងអំណរគុណ និងប្តេជ្ញានូវការគាំទ្ររបស់ពួកគេចំពោះការិយាល័យ KOICA និងរដ្ឋាភិបាលកូរ៉េ ក៏ដូចជាបានប្តេជ្ញាក្នុងការនាំមកនូវកំណែទម្រង់សង្គម និងកំណែទម្រង់គោលនយោបាយនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីរៀនពីបទពិសោធន៍របស់ប្រទេសកូរ៉េ។

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA នឹងបន្តគាំទ្រ និងអនុវត្តកម្មវិធីនៅកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្ស៕