(បន្ទាយមានជ័យ)៖ ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងសហការី នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញសំណេះសំណាលជាមួយក្រុមគ្រួសារសពលោកអនុសេនីយ៍ទោ ស៊ឹង ស៊ីផុន ជំនួយការការិយាល័យផែនការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថទូទាំងប្រទេសចំនួន ៣៨,៥៨៤,៥០០រៀល។

នាឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានចូលរួមសម្តែងនូវរមណៈទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារលោកអនុសេនីយ៍ទោ ស៊ឹង ស៊ីផុន ដែលបានលាចាកឆ្ងាយពីក្រុមគ្រួសារគ្មានថ្ងៃវិលត្រលប់ចោលប្រពន្ធ និងកូន បងប្អូនសាច់ញាតិទាំងក្តីអាឡោះអាល័យជាទីបំផុត។

ក្នុងនាមអាវុធហត្ថ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែគិតគូរសុខទុក្ខ ជីវភាពរបស់មន្ត្រីអាវុធហត្ថក្រោមឱវាទ និងបានបង្កេីតជាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថទូទាំងប្រទេស ដើម្បីជួយដល់មន្ត្រីអាវុធហត្ថដែលជួបបញ្ហា គ្រោះថ្នាក់ផ្សេងៗ ជាពិសេសមន្ត្រីអាវុធហត្ថ ដែលពលី មរណៈ ដេីម្បីកៀរគរថវិកាចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផងដែរ។

សូមបញ្ជាក់ផងដែរថា ឧត្តមសេនីយ៍ត្រី បោន ប៊ិន បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទៅចូលរួមបុណ្យសព ដោយផ្ទាល់ចំនួន ១៥,០០០,០០០រៀល។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ ឧត្តមសេនីយ៍ត្រី បោន ប៊ិន បានប្រគល់ថវិកាបន្ថែមចំនួន ២៣,៥៨៤,៥០០រៀល សរុបថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថទូទាំងប្រទេស ចំនួន៣៨,៥៨៤,៥០០រៀល៕