(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្តា្រលីប្រចាំនៅកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានជួបគ្នារំលឹកឡើងវិញនូវកិច្ចសហប្រតិបត្តិការមួយចំនួន ដើម្បីជំរុញ និងលើកកម្ពស់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអូស្ត្រាលី។

ក្នុងជំនួបនេះភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើវឌ្ឍភាពនៃកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌភាពជាដៃគូមេគង្គ-អូស្រ្តាលី ជាពិសេសលើវិស័យកិច្ចការប្រកួតប្រជែង និងកិច្ចការពារអ្នកប្រើប្រាស់ រវាងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការជាតិកិច្ចការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប) និងគណៈកម្មាធិការកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងអូស្រ្តាលី (ACCC)។

លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានជម្រាបជូនអំពីសកម្មភាពសំខាន់ៗមួយចំនួន ដែលកម្ពុជាបានធ្វើដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា។ សកម្មភាពទាំងនោះរួមមាន៖ កិច្ចសន្ទនាជាន់ខ្ពស់រវាងអគ្គនាយកដ្ឋាន ក.ប.ប គណៈកម្មាធិការជាតិកិច្ចការពារអ្នកប្រើប្រាស់ និងគណៈកម្មាធិការ ACCC, និងសិក្ខាសាលាបណ្តុះបណ្តាល និងកសាងសមត្ថភាពសម្រាប់មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប ជាដើម។

លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះសមភាគីអូស្រ្តាលី ដែលបានផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។ ជាពិសេសការគាំទ្រដល់សមិទ្ធផលអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជា និងកិច្ចសហការដ៏ល្អ ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមានការចរចាដំទ្បើងកម្រិតកិច្ចព្រមព្រៀងអាស៊ាន-អូស្រ្តាលី-នូវែលហ្សេទ្បង់ (AAZNFTA Upgrade) និងការគាំទ្រដល់ការការអនុវត្តកិច្ចព្រមព្រៀងអាសិបផងដែរ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា ដែលបានឆ្លុះបញ្ចាំងអំពីការឆ្លើយតបទៅនឹងការវិវត្តសកល។ ជាពិសេសកិច្ចខិតខំប្រឹងប្រែងគ្រប់ភាគីក្នុងការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀង AANZFTA ដែលជាកិច្ចការអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ ក្នុងឆ្នាំ២០២២។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ និងឯកអគ្គរដ្ឋទូតអូស្ត្រាលី បានគូសបញ្ជក់ជាថ្មីនូវការប្តេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងកម្ពុជា និងអូស្រ្តាលី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕