(ភ្នំពេញ)៖ នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ បានបន្ដបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៣៩ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានលើកឡើងថា ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជននេះ គឺមានការគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។

លោកបានបន្ដថា វិស័យសន្តិសុខឯកជន ជាវិស័យមួយក្នុងការចូលរួមចំណែកថែរក្សា សន្តិសុខ សណ្ឋាប់ធ្នាប់ សុវត្ថិភាព ជូនសង្គមជាតិ និងជាកម្លាំង ជំនួយយ៉ាងសំខាន់របស់កងកម្លាំងមានសមត្ថកិច្ច ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា និងចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអះអាងថា វិស័យសន្តិសុខឯកជន មានសារៈសំខាន់ដែលមិនអាចកាត់ផ្តាច់បាន វិស័យសន្តិសុខឯកជនេះ ត្រូវមានគុណភាព និងគុណប្រយោជន៍ខ្ពស់ សម្រាប់កិច្ចការពារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដូច្នេះភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវតែមានសមត្ថភាព ការយល់ដឹង និងមានវិជ្ជាជីវៈច្បាស់លាស់ ដែលជាភ្នាក់ងារសន្តិសុខឯកជន ពោពេញទៅដោយសមត្ថភាពពេញលេញ។

ទើបអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រប់គ្រងសន្តិសុខឯកជន ជាសេនាធិការ ធ្វើការរៀបចំវគ្គបំប៉នជំនាញនេះឡើង ក្នុងគោលបំណងសំខាន់គឺ ស្វែងយល់អំពីភារកិច្ច និងកាតព្វកិច្ចរបស់វិស័យសន្តិសុខឯកជន លើការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងពង្រឹងសមត្ថភាពភ្នាក់ងារសន្តិសុខឯកជន ឲ្យកាន់តែល្អប្រសើរឡើង សំដៅធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការពារសន្តិសុខសង្គម។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន ក៏បានកោតសរសើរយ៉ាងស្មោះស្ម័គ្រ និងលើកទឹកចិត្តដល់ ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ដែលបានយកចិត្តទុកដាក់ចូលរួមការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ទ្រព្យសម្បត្តិ អាយុជីវិតប្រជាពលរដ្ឋ និងបានចូលរួមផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ជាពិសេស ភ្នាក់ងារសន្តិសុខឯកជន បានចូលរួមការបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់កូវិដ១៩ តាមបណ្តាលគោលដៅសំខាន់ៗកន្លងមក។

ឆ្លៀតឱកាសនេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏សូមលើកទឹកចិត្តដល់ភ្នាក់ងារសន្តិសុខឯកជន ដែលឈរជើងនៅតាម បណ្តាបុរី ខុនដូរ អាផាមិន សណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូ ក្លឹបកំសាន្ត រាយការណ៍ពីបទល្មើស គ្រឿងញៀន បទល្មើសចាប់ជំរឹតទារប្រាក់ ការជួញដូរមនុស្ស និងបទល្មើសផ្សេងៗទៀត៕

សូមជម្រាបថា នេះជាលើកទី៣៩ ដែលនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន រៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ដល់ភ្នាក់ងារសន្តិសុខឯកជនបម្រើសេវាកម្ម និងមិនបម្រើសេវាកម្ម។ នៅក្នុងវគ្គបំប៉នជំនាញនេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងលើប្រធានបទសំខាន់ៗ ដែលកំពុងតែជួបប្រទះ និងប្រឈមជាប្រចាំថ្ងៃក្នុងការអនុវត្តការងារដូចជា៖ តួនាទី និងការទទួលខុសត្រូវរបស់ភ្នាក់ងារសន្តិសុខឯកជន, វិធីសាស្រ្តការពារគោលដៅ, ច្បាប់ចរាចរណ៍ផ្លូវគោក, របៀបផ្តល់ជំនួយ និងសហការជាមួយសមត្ថកិច្ច, ការស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ, វិធានការបង្ការពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គីភ័យ និងកិច្ចសហការការពារកន្លែងកើតហេតុ ជាដើម៕