(ភ្នំពេញ)៖ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងជាគ្រូបង្វឹករបស់កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia លោកអ្នកនាង ពេជ្រ សោភា បានធ្លាក់ខ្លួនឈឺដោយជំងឺចាស់ឈាមសស៊ីឈាមក្រហមរើឡើងវិញ ហើយត្រូវប្រញ៉ាប់ចេញទៅព្យាបាល នៅប្រទេសថៃយ៉ាងតក់ក្រហល ខណៈកូនក្រុមរបស់នាង មិនត្រូវបានការបង្កាត់បង្រៀនគ្រាប្រឡងចំរាញ់។
ស្របពេលជាមួយគ្នានេះដែរ បើក្រឡេកមើលនៅលើបណ្តាញសង្គមហ្វេសប៊ុកគឺមានការ Share ចែករំលែកភ្ជាប់ជាមួយសារជូនពរ និងការបង្ហាញក្តីព្រួយបារម្មណ៍ពីសុវត្ថភាពរបស់អ្នកនាង ពេជ្រ សោភា ជាច្រើនផងដែរ។ ម្យ៉ាងទៀតក៏មានការលើកឡើងថា បើអ្នកនាង ពេជ្រ សោភា ធ្លាក់ខ្លួនឈឺចេញទៅព្យាបាលនៅថៃ ដូច្នេះតើកូនក្រុមរបស់នាងនឹងក្លាយជាយ៉ាងណា?។
ឆ្លើយតបនឹងក្តីព្រួយបារម្មណ៍ពីសំណាក់មហាជនអ្នកគាំទ្រ តារាចម្រៀងស្រីអ្នកនាង ពេជ្រ សោភា នៅលើហ្វេសប៊ុក នាងកាលពីរាត្រីយប់ថ្ងៃទី២៥ ខែឧសភា បានសរសេរថា «អារុណសួស្តីពីចំងាយផង។ មេឃស្រទុំចឹងនឹកស្រុកខ្មែរណាស់មិនថា មានរឿងអ្វីកើតឡើងចំពោះនាងខ្ញុំទេ តែស្នាមញញឹមមួយនេះ នៅតែរក្សាសម្រាប់បងប្អូនជានិច្ច។ នាងខ្ញុំមិនអាចដួលនៅពេលនេះ បានទេមានមនុស្សចាស់ជរាគ្មានទីពឹងជាច្រើន ដែលត្រូវការអោយនាងខ្ញុំជួយ! សូម Comment ពាក្យថា លើកទឹកចិត្តនាងខ្ញុំបានទេ?»។
ដោយឡែកកាលពីប៉ុន្មានម៉ោងមុនពេលតារាស្រី ពេជ្រ សោភា ចូលបន្ទប់ព្យាបាលនៅលើហ្វេសប៊ុកនាង ក៏បានលើកឡើងថា ប៉ុន្មានម៉ោងមុនធ្វើការព្យាបាល បងភា នៅតែបារម្ភពីកូនក្រុមរបស់គាត់ ដែលគាត់មិនបានបង្វឹក ក្នុងពេលគាត់កំពុងព្យាបាលនៅប្រទេសថៃ ក្នុងនាមខ្ញុំជា Admin សង្ឃឹមថា កូនក្រុមបងភា នឹងបានឃើញហើយខំប្រឹងធ្វើឲ្យល្អក្នុងសប្ដាហ៍នេះ ដើម្បីកុំឲ្យគាត់អស់សង្ឃឹម... ហើយសង្ឃឹមអ្នកទាំងអស់គ្នា ជូនពរគាត់ឲ្យជាសះស្បើយឆាប់ឆាប់៕